ភ្នំពេញ៖ ជារឿងមួយសម្រាប់ដាស់តឿនលោក គួច ចំរើន អភិបាលខណ្ឌដូនពេញក៏ថាបាន គ្រាដែលកន្លងមកលោកធ្លាប់បានអះអាងថា នឹងលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យបាន ក្នុងទឹកដីខណ្ឌដូនពេញ ជាពិសេសល្បែងហ្គេមបាញ់ត្រីតែម្តង ។ អីឡូវនេះល្បែងហ្គេមបាញ់ ត្រីមិនទាន់លប់បំបាត់ទាំងស្រុងនោះទេក្នុងខណ្ឌដូនពេញ ដែលនេះទំនងជាថ្នាក់ក្រោមភូត កុហកលោកអភិបាលខណ្ឌផងក៏មិនដឹង បានជាគេលួចលេងស្ងាត់ៗក្បែរច្រមុះអធិការដ្ឋាននគរបាលខណ្ឌ រហូតមានផ្ទុះបាតុភាពដោយសារអ្នកចូលលេងយកប្រាក់រៀលខ្មែរក្លែងក្លាយទើបបែកធ្លាយ។
ជាក់ស្តែងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ខែមីនាឆ្នាំ២០១៦ នៅក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជាមួយក្រដាសប្រាក់រៀល(ក្រដាស១ម៉ឺនរៀល)ជាច្រើនសន្លឹកមានចំនួនជិត១លានរៀលគ្រាដែលបុរសនេះយកទៅលេងហ្គេមបាញ់ត្រីនៅទីនោះ ។
បុគ្គលិកធ្វើការនៅក្នងកន្លែងហ្គេមបាញ់ត្រីក្នុងផ្សារសុរិយាម៉លបានឲ្យដឹងថាមុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់ឈ្មោះម្នាក់មានអាយុប្រមាណជាង៣០ឆ្នាំ បានយកលុយខ្មែរក្លែងក្លាយក្រដាស១ម៉ឺនរៀលទៅដូរយកកាក់ដើម្បីលេង ហ្គេមបាញ់ត្រី។ ឃើញដូចនោះរូបគាត់(បុគ្គលិក)មានការសង្ស័យបានយកលុយនោះមកផ្ទៀងផ្ទាត់មើលទើបដឹងថាជា លុយក្លែងក្លាយក៏ឃាត់ខ្លួនបុរសនេះរួចបានទូរស័ព្ទហៅកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញមក យកទៅសាកសួរ។
មន្រី្តកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបុរសនេះសមត្ថកិចបានរកឃើញលុយក្លែងក្លាយដែលជាក្រដាស់មួយម៉ឺនរៀលនៅ ជាប់នឹងខ្លួនជិតមួយលានទៀតក៏បានរៀបចំសំណុំរឿងដើម្បីបញ្ជួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីចាត់ការបន្តតាមច្បាប់ ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានលួចបង្ហើបឲ្យដឹងថា នៅខណ្ឌដូនពេញ មិនទាន់លប់ បំបាត់អស់ល្បែងហ្គេមបាញ់ត្រីដូចការអះអាងរបស់លោកអភិបាលខណ្ឌអះអាងនោះទេ គឺនៅ មានគេឃុបឃិតជាមួយថ្នាក់ក្រោមឆ្ពិនភ្នែកលោកគួច ចំរើន បើកលេងនៅឡើយ ដូចជានៅបណ្តោយផ្លូវ លេខ៥១ ផ្លូវត្រសក់ផ្អែមក្បែរភោជនីយដ្ឋានយ៉ាងចូវ និងជាពិសេសក្នុងផ្សារសុរិយាម៉លនេះជាដើម ៕
ដោយ៖ ប្រាថ្នា