ភ្នំពេញ, សារសំឡេង សម្តេចតេជោ ថ្លែងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានប្រសាសន៍ យ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។
តាមរយៈសារសំឡេងណែនាំមួយចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ។
សម្តេចថ្លែងបន្តថា, តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពង់ចាម ដែលអ្នកកើតជំងឺកូវីដ១៩ ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។
ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុងសង្គម។ ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា, នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានបន្តថា សម្រាប់មនុស្សចាស់ មនុស្សពេញវ័យប្រសិន បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥឡូវនេះយើងមិនដឹងថាជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណា កន្លែងណានោះទេ ដែលនេះជាបញ្ហាប្រឈមដ៏ធំ៕
ដោយ, សិលា