ខេត្តស្វាយរៀង:មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២២២ រូប ត្រូវបានក្រសួងមហាផ្ទៃបំពាក់ឋានន្តរសក្តិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដែលពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដោយមានការចូលរួមពី អនុប្រធានសេនាធិការ លោក លោកស្រី នាយការិយាល័យ លោកអធិការក្រុង ស្រុក មេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំងពីរ និងមន្ត្រីនគរបាលត្រូវប្រកាសតែងតាំង សរុបវត្តមាន ២៨១ នាក់ ស្រី ១២ នាក់។
អានសេចក្តីសម្រេចដោយលោកវរសេនីយ៍ឯក អ៊ូ វណ្ណារិទ្ធ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២២២ រូប ក្នុងនោះត្រូវបានតំឡើងឋានន្តរសក្តិចាប់ពីថ្នាក់ពលបាលទោ រហូតដល់អនុសេនីយ៍ឯក និងតួនាទីចាប់ពីនាយរងផ្នែក ដល់នាយផ្នែក ។
មានប្រសាសន៍ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត បាននាំយកនូវសេចក្តីសួរសុខទុក របស់លោក នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទាំងអស់គ្នា និងបានលើកឡើងថាថ្ងៃនេះជាកិត្តិយសណាស់ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានបំពាក់ឋានន្តរសក្តិ និងតែងតាំងមុខតំណែងជូននគរបាលខេត្តស្វាយរៀងយើង ហើយការងារនេះគឺកើតចេញពីកិច្ចខឹតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តដែលមានស្នាដៃក្នុងការបម្រើប្រជាពលរដ្ឋ ការការពារថ្នាក់ដឹកនាំ ជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ និងបានលើកយកសភាពការណ៍សន្តិសុខ ក្នុងប្រទេស ដូចជាករណីប្លន់ប្រដាប់អាវុធនៅបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់ ប្រាប់ឲ្យកម្លាំងបានដឹងហើយត្រូវខិតខំការពារបន្តទៀត ដើម្បីខេត្តស្វាយរៀង កាន់តែមានសន្តិសុខល្អ ។
លោកស្នងការបានជម្រុញអោយកម្លាំងនគរបាលទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងធ្វើជាគំរូល្អទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋយកគំរូរតាម ហើយត្រូវគោរពវិន័យកងកម្លាំង ក្នុងនោះបានជំរុញឲ្យការិយាល័យបុគ្គលិក អធិការក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមន្ត្រីដែលមានសក្តិបណ្តោយបីជាន់(ពលបាល) ត្រូវធ្វើបញ្ជីអោយច្បាស់ ដើម្បីលោកស្នើផ្ទាល់ កុំឲ្យនគរបាលខេត្តស្វាយរៀងនៅសេសសល់ ៣ ជាន់ទៀត ។
ជាចុងបញ្ចប់លោកស្នងការ បានសំណូមពរដល់នគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មីនាពេលនោះ ពេលទៅវិញត្រូវ គោរពវិន័យឲ្យបានល្អ មានអាកប្បកិរិយាល្អ ស្លៀកពាក់សមរម្យ មានសាមគ្គីភាព ខិតខំធ្វើការ គឺការងារការពារប្រជាពលរដ្ឋ បំរើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋ។ ត្រូវបន្តដុះខាត់សមត្ថភាព ប្រឹងប្រែងរៀនសូត្រ ជាពិសេសភាសា និងបច្ចេកវិទ្យា ថ្មីៗ និងត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ គឺកម្លាំងយើងត្រូវតែដើរមុខឈានមុន ប្រមូលកម្លាំងការពារ យាមកាម និងបន្តបើកវេទិកាសាធារណៈឲ្យបានច្រើន ហើយត្រូវសំណូមពរ និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ៕
ដោយ៖ ស្នងការនគរបាលខេត្តស្វាយរៀង