ខេត្តពោធិ៍សាត់៖ តាមសេចក្តីពីប្រជានេសាទនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានឲ្យថា បទល្មើសនេសាទប្រភេទលូស្បៃមុងកើតមានស្អេកស្កាស់រាប់រយខ្សែគ្មានការបង្ក្រាប។
ប្រភពខាងលើបន្តថាបទល្មើសខាងលើទាំងនោះ កើតមានច្រើនចាប់ពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានអះអាងបន្តទៀតថា បទល្មើសប្រភេទលូស្បៃមុងដែលបំផ្លាញពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរទាំងនោះរាប់រយខ្សែឯណោះ ហើយក្នុងមួយខ្សែៗចាប់ពី ២០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ សូម្បីតែបើកកាណូតស្ទើរតែបើកគេចមិនរួចផង ហើយបទល្មើសនេសាទប្រភេទលូស្បៃមុងនេះ ពុំមែនទើបតែកើតមាននោះទេ កើតមានជាយូរយាមកហើយ ប៉ុន្ដែពុំឃើញមន្ត្រីជំនាញឬស្ថានប័នពាក់ព័ន្ធណា ធ្វើការបង្ក្រាបសោះ ដូច្នេះបញ្ហាខាងលើនេះពួកគាត់សំណូមពរដល់ស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលសារឡើងវិញផង ដើម្បីជៀសវាងការបង្កបញ្ហារវាងអ្នកនេសាទលក្ខណៈគ្រួសារ និងជនប្រព្រឹត្តបទល្មើសខុសច្បាប់ស្ដីពីជលផលខាងលើ៕
ដោយ៖ ប៉ឹម ពិន