លោក នេត ភក្ត្រា រំឮកពីសកម្មភាពរបស់ក្រុមសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបាននិងកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ,លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ចម្លើយរបស់ខ្ញុំចំពោះសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបានសាកសួរទាក់ទងនឹងសកម្មភាពរបស់ក្រុមសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបាននិងកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ហើយខ្ញុំសូមចែករំលែកជាមួយបងប្អូនសាធារណជន៖

១. ការធ្វើយុទ្ធនាការណាមួយជាសិទ្ធិរបស់ពួកគេ ក្រសួងបរិស្ថានគ្មានភាពចាំបាច់ត្រូវឆ្លើយឆ្លងនឹងយុទ្ធនាការនេះទេ ព្រោះវាជាយុទ្ធនាការខុសបរិបទគួរឱ្យអស់សំណើច ធ្វើឡើងក្នុងចេតនាទុច្ចរិតបង្កវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាដោយបង្កភាពអនាធិបតេយ្យ ចិញ្ចឹមទំនាស់ បង្កើតការញុះញង់ និងព្យាយាមបំពានច្បាប់ដែលកម្ពុជាមានជ្រកក្រោមស្លាកបរិស្ថាននិងព្រៃឈើ។ ពួកគេគ្រាន់តែកំពុងព្យាយាមការពារសេរីភាពនិងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលពួកគេចង់បាន និងជា សេរីភាពនិងប្រជាធិបតេយ្យដាច់បង្ហៀរដែលពួកគេប្រាថ្នា។

២. សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលខ្លះ ធ្វើសកម្មភាពមិនបានចុះបញ្ជី និងព្យាយាមមិនសហការស្របតាមនីតិវិធីច្បាប់ជាមួយស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល តើពួកគេធ្វើនៅក្នុងគោលបំណងអ្វីឱ្យ ពិតប្រាកដ? ពួកគេមិនអាចបន្តធ្វើសកម្មភាពបែបអនាធិបតេយ្យបានឡើយព្រោះកម្ពុជាមានច្បាប់។​ ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ពីការពង្រឹងការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះបទល្មើសទាំងឡាយដែលកើតក្នុងតំបន់ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

៣. អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខច្បាប់ជាធរមាន ទោះអ្នកនោះជាអ្នកកាប់ឈើ ទន្ទ្រានដី បរបាញ់សត្វ ឬក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកការពារព្រៃឈើក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពដោយរំលោភច្បាប់ ធ្វើសកម្មភាពដោយគ្មានកិច្ចព្រមព្រៀងស្តីពីការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិរវាងរដ្ឋបាលការពារនិងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថានដែលបានកំណត់ក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

៤. អង្គការសង្គមស៊ីវិលមួយចំនួនដែលមានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងជំងឺតួឯកខាងធនធានធម្មជាតិកុំព្យាយាមបំពានច្បាប់ និងលើកទឹកចិត្តក្រុមអ្នក រំលោភច្បាប់។ នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើក លែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន។ កម្ពុជាគោរព សិទ្ធិមនុស្ស និងមានលំហសេរីភាពនិងប្រជាធិបតេយ្យពេញលេញស្ថិតក្រោមដំបូលច្បាប់ តែមិនមែនជាសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែល សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ចង់បានឡើយ។

៥. ក្រុមសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែទាមទារឱ្យមានការគោរពច្បាប់ឱ្យបានពេញលេញ ប៉ុន្តែតើសង្គមស៊ីវិលទាំងនោះគួរសួរខ្លួនឯងថាតើពួកគេបានអនុវត្តនិងបាន បំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរឬទេ ហើយតើពួកគេទទួលបានថវិកាពីណាមកធ្វើសកម្ម
ភាព? ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារនិងគាំទ្រចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ​ និងមានរបៀបវារៈច្បាស់លាស់ក្នុងការជួយលើវិស័យបរិស្ថាននិងធនធានធម្មជាតិ នោះទើបជាការជួយវិស័យនេះពិតប្រាកដ។

៦. ក្រសួងបរិស្ថានរីករាយនិងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានាក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។ ក្រសួងបរិស្ថាន គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print