ខេត្តបន្ទាយមានជ័យ៖នគរបាលនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហការនិងនគរបាលអន្តោន៍ ប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតនិងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យរួមនិងសមត្ថកិច្ចនៃប្រទេសចិនបានចេញ ប្រតិបត្តិការអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការប្រទេសចិនបានចុះធ្វើឆែកឆេរនិងត្រួតពិនិត្យនៅក្នុងកាស៊ីុក្រុងប៉ោយប៉ែតរហូតដល់ចំនួន៣កន្លែង ហើយរកឃើញនិងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣៨នាក់ក្នុងនោះមានស្រី៣នាក់។ ប្រតិបត្តិការនោះបានធ្វើឡើងរយៈ ពេលពេញ មួយថ្ងៃនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ដឹកនាំដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯកសិទ្ធិ ឡោះ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ។
ជុំវិញនៃការឃាត់ខ្លួនជនសង្ស័យជនជាតិចិនបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឱ្យដឹងថាគឺការចុះអនុវត្តតាមដីកាតុលាការចិនជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកនិងគំរាមជំរិតទារប្រាក់នៅក្នុងប្រទេសចិនតាមអ៊ិនធឺណិតដែលយកទីតាំងកាស៊ីណូនៅក្រុងប៉ោយប៉ែត ធ្វើជាកន្លែងប្រព្រឹត្តបទល្មើស។ ដីការបស់តុលាការចិនគឺឱ្យចាប់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន៣៨នាក់។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាជនសង្ស័យជាជនជាតិចិនទាំងនោះដែរបាន មកស្នាក់នៅក្រុងប៉ោយប៉ែតអ្នកខ្លះចាប់តាំងពី៦ថ្ងៃឡើងទៅរួចមកហើយ។ ជនសង្ស័យត្រូវបានចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយពួកគេទាំងនោះគ្រោងចាប់បញ្ជូនទៅកាន់ក្រសួង មហាផ្ទៃនិងបន្តចាប់បញ្ជូនទៅកាន់ប្រទេសចិនវិញផងដែរ៕សំ វិច្ឆិកា







