ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយនៅថ្ងៃទី១៧ខែមីនាថាយ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់និងជាង១០០០នាក់រងរបួសនៅក្នុងពីធីបុណ្យលោតកាត់ភ្លើង និងបាញ់កាំជ្រួចភ្ញីភ្លើងនៅប្រទេសនេះក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីតាមបែបប្រពៃណីរបស់អុីរ៉ង់ ។
លោក Pirhossein Koulivand មន្ត្រីគ្រង់គ្រងគ្រោះអាសន្នអុីរ៉ង់បានឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១០៣០នាក់ មាន៨៧នាក់របួសដោយសារតែ ការបាញ់កាំជ្រួច និងរំសេវផ្ទុះកែច្នៃ។ លោកបន្តទៀតថា ពិធីបុណ្យ ចាប់ផ្តើមនៅថ្ងៃទី១៦ខែមីនា ហើយអូសបន្លាយរហូតដល់យប់ថ្ងៃដដែល ។ មនុស្ស៣នាក់ស្លាប់គឺស្ថិតនៅទីក្រុងតេអររ៉ង់។ ចំណែកអ្នករងរបួសជាង១ពាន់នាក់ ក្នុងនោះមាន ២០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រៅពីនេះមានរបួសស្រាលព្យាបាលនៅនឹងកន្លែង។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា មនុស្សជាច្រើនបានព្រងើយចំពោះការព្រមានពីរដ្ឋាភិបាលស្តីពីការប្រមូលផ្តុំគ្នា ។ កម្លាំងប៉ូលិសក៏បានចាប់មនុស្ស២៥នាក់ដែលមិនគោរពច្បាប់គម្លាតសង្គមនៅក្នុងទីក្រុងតេអេរ៉ង់។
ពិធីបុណ្យភ្លើងChaharshanbe Sur (ថ្ងៃពុធក្រហម) គឺរៀបចំធ្វើឡើងនៅពេលយប់មុនឈានចូលថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយ(ឆ្នាំចាស់) តាមប្រតិទិនអុីរ៉ង់ ដើម្បីបណ្តេញគ្រោះចង្រៃចេញក្នុងឆ្នាំចាស់មុនពេលស្វាគមន៍ឆ្នាំថ្មី។
ជារៀងរាល់ឆ្នាំ មានមនុស្សរាប់រយនាក់រងរបួសនៅក្នុងពិធីបុណ្យChaharshanbe Sur ។ ភាគច្រើនអ្នករងរបួសដោយសារតែរលាកភ្លើង ដោយក្នុងពិធីគឺតម្រូវឲ្យមនុស្សលោតឆ្លងកាត់ភ្នក់ភ្លើងដើម្បីបណ្តេញគ្រោះចង្រៃ៕ ដោយសាធី
រូបភាព៖ nId