អន្តរជាតិ៖ បើតាមការរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ប្រទេសស៊ុយអែត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេ លើពិភពលោកនៅអំឡុង៥ឆ្នាំមុន។ខណៈការនាំចេញអាវុធរបស់ចិន និងរុស្ស៊ី ធ្លាក់ចុះនៅរយៈពេលដូចគ្នានេះ។ ក្រៅពីអាមេរិក ការនាំចេញអាវុធរបស់បារាំង និងអាល្លឺម៉ង់ ក៏កើនឡើងផងដែរ។
របាយការណ៍របស់SIPRI អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេ ព្រោះ ៥ឆ្នាំចុងក្រោយ (២០១៦-២០២០) កើន៣៧ភាគរយ ធៀបនឹងរយៈពេល៥ឆ្នាំមុន (២០១១-២០១៥) ដែលកើនឡើងពី៣២ភាគរយ។ បន្ថែមពីនេះ SIPRI បន្តថា ចាប់ពីឆ្នាំ២០១៦ ដល់ ២០២០ អាមេរិក បាននាំចេញអាវុធទៅប្រទេសចំនួន៩៦ ដោយប្រមាណ ៤៧ភាគរយ នាំចេញទៅមជ្ឈិមបូព៌ា ក្នុងនោះនាំចេញទៅអារ៉ាប៊ីសាអូឌីតមានចំនួន ២៤ភាគរយ។
ចំណែកឈរលេខពីរបន្ទាប់ពីអាមេរិក គឺរុស្ស៊ី ដោយការនាំចេញរបស់រុស្ស៊ីមានចំណែក២០ភាគរយនៃទំហំនាំចេញអាវុធសរុបរបស់ពិភពលោក។ ប៉ុន្តែការនាំចេញរបស់រុស្ស៊ីធ្លាក់ចុះ២២ភាគរយក្នុងរយៈពេល២០១៦-២០២០។ ភាគច្រើននៃការធ្លាក់ចុះនេះ ដោយសារតែឥណ្ឌាដែលជាម៉ូយដុំ ងាកទៅទិញអាវុធរបស់បារាំងវិញ។ ម្យ៉ាងវិញទៀត ទំហំនាំចេញអាវុធរុស្ស៊ីទៅចិន, អេហ្ស៊ីប និងអាល់ហ្សេរី បានកើនឡើង។
ដោយឡែកប្រទេសបារាំង ជាប្រទេសនាំចេញអាវុធលំដាប់ទី៣ ដែលមានទំហំនាំចេញអាវុធសរុបរបស់ពិភពលោក ៨,២ភាគរយ ដោយបានកើនឡើងចំនួន ៤៤ភាគរយឯណោះ។ ខណៈដែលទីផ្សាររអាវុធរបស់បារាំង មានដូចជា៖ ឥណ្ឌា អេហ្ស៊ីប និងកាតាជាដើម ដែលមានទំហំស្មើនឹង៥៩ភាគរយ នៃទំហំនាំចេញសរុបរបស់បារាំង។ កន្លងទៅឥណ្ឌា បានទិញយន្តហោះចម្បាំង Dassault Rafale ពីបារាំងជាង ២០គ្រឿងឯណោះ។
ទាក់ទិននឹងបញ្ហានេះដែរ ប្រទេសអាល្លឺម៉ង់ ដែលមានទំហំនាំចេញអាវុធចំនួន ៥,៥ភាគរយនៅលើពិភពលោក បានកើនឡើងការនាំចេញអាវុធរបស់ខ្លួនហូតដល់ ២១ភាគរយ ២០១៦-២០២០ បើធៀបរយៈពេល ២០១១-២០១៥។ ខណៈទីផ្សាររបស់អាល្លឺម៉ងមានដូចជា៖ កូរ៉េខាងត្បូង, អេហ្ស៊ីប និងអាល់ហ្សេរី។
របាយការណ៍ដដែលនេះ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសដែលនាំចូលអាវុធច្រើនជាងគេ គឺនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានដូចជា អារ៉ាប៊ីសាអូឌីត និងកាតាជាដើម។ យ៉ាងណាមិញ កម្រិតនៃការនាំចេញអាវុធនៅលើពិភពលោកនៅតែរក្សាកម្រិតដដែលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងរយៈពេលឆ្នាំ២០១១-២០១៥។
គួរបញ្ជាក់ថា មិនខុសពីរុស្ស៊ីឡើយ ការនាំចេញរបស់ចិនក៏ធ្លាក់ចុះដែរ។ ព្រោះចិន ជាប្រទេសនាំចេញអាវុធលំដាប់ទី៥ និងមានទំហំនាំចេញអាវុធសរុបលើពិភពលោកស្មើនឹង៥,២ភាគរយក្នុងរយៈពេល២០១៦-២០២០។ តួលេខនេះ បានធ្លាក់ចុះច្រើន ធៀបនឹងការនាំចេញចន្លោះឆ្នាំ២០១១-២០១៥ ដែលមានចំនួន៧,៨ភាគរយ។ ចិននាំចេញអាវុធទៅបណ្តាប្រទេសដូចជា អាល់ហ្សេរី, បង់ក្លាដែស និងប៉ាគីស្ថាន៕ដោយ៖ស តារា
រូបភាព៖ឯកសារ