ភ្នំពេញ៖ វិជ្ជមានកូវីដ-១៩ ២នាក់ថ្មីទៀតដែលម្នាក់អ្នកនិពន្ធនៅហង្សមាសនិងម្នាក់ទៀតពាក់ព័ន្ធតារាកំប្លែង ស្រីអ៊ិត
តេស្តលើកទី២បានដឹងថាអ្នកនិពន្ធល្បីឈ្មោះម្នាក់ទៀតនៅហង្សមាសលោក ម៉ម មិថុនា រកឃើញវិជ្ជមានកូវីដ១៩ ។ ក្រោយពីរកឃើញវិជ្ជមានជំងឺនេះសមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀត ក៏ត្រូវបានសង្ស័យថា មានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផលនៅឡើយទេ។
លោកបានក្លាយជាបុគ្គលិកទី៨របស់បុគ្គលិកក្រុមហ៊ុនហង្សមាសហើយដែលរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះបន្ទាប់ពីលោក ណុប បាយ៉ារិទ្ធី អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង និង អ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលី ស៊ីនហួន តែម្តង នោះ។ លោក ម៉ម មិថុនាគឺជាអ្នកនិពន្ធដ៏មានប្រជាប្រិយ ហើយលោកមានទីលំនៅនាផ្ទះលេខ៣៤D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតាមការបញ្ជាក់របស់លោកនោះគឺនៅមិនទាន់ដឹងប្រាកដក្នុងចិត្តិទេថាបានឆ្លងពីបុគ្គលណាឡើយ ។
ជាមួយគ្នានេះមានការភ្ញាក់ផ្អើលផងដែរក្រោយពីមន្ត្រីមូលដ្ឋានខណ្ឌឬស្សីកែវ បានប្រកាសពីការរកឃើញបុរសអាយុ៤១ឆ្នាំ ម្នាក់ទៀតហើយ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺ សេង ចិន្តា ហៅអ៉ីត តារាកំប្លែង CTN និងមានអ្នកពាក់ព័ន្ធ ៣នាក់ផ្សេងទៀត ។
បុរសដែលមានផ្ទុកជំងឺកូវីដ១៩នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងត្រូវបានក្រុមការងារក្រសួងសុខាភិបាលបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ ។ មន្ត្រីមូលដ្ឋានបានសម្រេចបិទទីតាំងនេះបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ រយះពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ដែរថាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។ ក្រុមហ៊ុន និងផលិតកម្មហង្សមាស ដែលមានតួលេខខ្ពស់ក្នុងការរកឃើញបុគ្គលិកជាផលិតករ និងសិល្បករដែលមានវិជ្ជមានជំងឺនេះ ខណៈ សិល្បករទូរទស្សន៍ CTN ម្នាក់ គឺអ្នកនាងស្រីអ៊ីត បានរកឃើញវិជ្ជមានកាលពីប៉ុន្មានថ្ងៃមុនេះនិង អ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ថោនម្នាក់គឺលោក ហាក់ សុខហេង ក៏ត្រូវបានរកឃើញវិជ្ជមានដែរ ខណៈដែលបុគ្គលិកជាច្រើនត្រូវបន្តតាមដាន និងដាក់ឲ្យធ្វើចត្តាឡីស័ក្កិនោះ៕