រដ្ឋបាលរាជធានីភ្នំពេញ បន្ដការងារអភិវឌ្ឍន៍ ដោយអ៊ុតកៅស៊ូលើបណ្ដោយ ផ្លូវសម្ដេចប៉ានពីក្រោយព្រះបរមរាជវាំង ដល់ផ្លូវព្រះមុនីវង្ស

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូAC កម្រាស់០.៥សង់ទីម៉ែត្រ និងលើកំណាត់ផ្លូវសម្តេចប៉ាន សង្កាត់ បឹងរាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងថែមទៀត។ ការងារអភិវឌ្ឍន៍នេះមិនប៉ះពាល់ដោយជំងឺកូវីដ-១៩ ឡើយ  

    ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះធ្វើឡើងបន្ទាប់ពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ ក្រោយពីខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនោះ។ 

    ក្នុងរដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការជួសជុលផ្លូវ ជង្ហុកសំបុកមាន់នៅតាមបណ្ដាវិថីតូច ធំ មួយចំនួននៅក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងដើម្បីជាការលើកសោភណភាពរាជធានីភ្នំពេញផងដែរ។ សម្រាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ហើយដែលត្រូវជួសជុលនិងអ៊ុតកៅស៊ូឡើងវិញ។

    ជាក់ស្ដែងនៅពេលនេះក្រុមការងារនៃមន្ទីរសាធារណការក្រុង បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពីក្រោយព្រះបរមរាជវាំងរហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី ) មានទទឹងចន្លោះពី១១មែត្រទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។ 

  ដោយឡែកកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់៥សង់ទីម៉ែត្រទៅ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ប៉ុន្តែជាផែនការរបស់មន្ទីរ សាធារណការក្រុង គឺត្រូវអ៊ុតឲ្យបានកម្រាស់៥សង់ទីម៉ែត្រ ។  

     បើតាមមន្ត្រីជំនាញ នៃមន្ទីរសាធារណការក្រុងឲ្យដឹងនៅថ្ងៃទី១៨ មីនា ឆ្នាំ២០២១ នេះថា៖ ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី២០ទៅ២១ មីនានេះ ដោយក្រុមការងារបានចាប់ផ្តើមអ៊ុតតាំងពីថ្ងៃទី១៧ខែមីនាមក។ 

      សូមបញ្ជាក់ថា៖ គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕

       

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print