ភ្នំពេញ៖ បទចម្រៀង ”ស្អាតជានិច្ច” របស់អ្នកនាងពេជ្រ សោភា ក្នុងផលិតកម្មហង្សមាស ត្រូវបានក្រសួងព័ត៌មានប្រកាសឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ បញ្ឈប់ការចាក់ផ្សាយ ដោយក្រសួងថាបទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើម និងជះឥទ្ធិពលមិនល្អដល់កុមារទូទៅ។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី ២៤ ខែ កុម្ភៈ មកដែលចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា បទចម្រៀងច្រៀងដោយអ្នកនាង ពេជ្រ សោភានិងឌីជេដេវីឌ ទាំងខ្លឹមសារនិងរូបភាពនៃការសម្តែងបានប្រាសចាកអំពីអត្ថន័យខ្លឹមសារដើមទាំងស្រុងនៃបទចម្រៀងស្អាតជានិច្ច។ សេចក្តីប្រកាសខាងលើបន្តថា អត្ថន័យដើមនៃបទចម្រៀង ”ស្អាតជានិច្ច” បានអប់រំបណ្តុះគំនិតប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាតមានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោកថាបទចម្រៀងថ្មីទាំងអត្ថន័យខឹ្លមសាររ៉េប បង្ហាញពីអត្តចរិករបស់កុមារខ្ជិលច្រអូសម្នាក់ រៀននៅបឋមសិក្សាធ្វើពុតជាឈឺក្បាល វិលមុខ និងក្តៅខ្លួនសុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង ហើយសិស្សមានអាកប្បកិរយាមិនសមរម្យលេងឈូសស្បែកជើង ហើយបទចម្រៀងនេះ ”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។
បទចម្រៀងស្អាតជានិច្ចនេះគឺជាបទចម្រៀងនិពន្ធថ្មីដោយតារាចម្រៀងពេជ្រសោភា និងលោក ដេវីតនិងត្រូវបានចេញលក់ជាស៊ីឌីវ៉ុលទី៥២៥ របស់ផលិតកម្មហង្សមាស។ បទចម្រៀងនេះត្រូវបានផលិតកម្មហងមាសផ្សព្វផ្សាយជាសាធារណៈក្នុងវីស៊ីឌីវ៉ុលទី១៥៩និងចេញលក់កាលពីចុងខែមីនា ឆ្នាំ២០១៥មកម៉្លេះ។
តារាចម្រៀង ពេជ្រ សោភា បញ្ជាក់ថាបទនេះគឺនាងជាអ្នកនិពន្ធ ហើយនាងមិនមានបំណងមិនល្អណាមួយក្នុងការបង្ហាញខ្លឹមសារអវិជ្ជមាន ឬផ្តល់គំរូអាក្រក់ណាមួយនោះទេគឺគ្រាន់តែចង់រំលឹកអំពីជីវិតនៅក្មេងដើរលេងឈូសស្បែកជើងប៉ុណ្ណោះ ដែលផ្ទុយទៅវិញនាងចង់អប់រំដល់កុមារឲ្យចេះសម្អាតខ្លួន កុំឲ្យខ្ជិលច្រអូសប៉ុណ្ណោះ។ ទោះជាយ៉ាងនាងលើកឡើង ថានាងនឹងប្រយ័ត្នប្រយែងចំពោះការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។ ទន្ទឹមនឹងការប្រកាសឲ្យផ្អាកបទចម្រៀងនេះដែរ នាងក៏បង្ហាញជំហរក្នុងការផលិតបទចម្រៀងថ្មីៗបន្តបន្ទាប់ទៀត ហើយនាងស្នើឲ្យក្រសួង ក៏ដូចជាមហាជនបន្តចូលរួមលើកកម្ពស់ស្នាដៃនិពន្ធថ្មី ដែលមានទស្សនៈអប់រំច្រើនដើម្បីជាការលើកទឹកចិត្តដល់សិល្បករនិងអ្នកនិពន្ធ៕
ដោយ៖ វឌ្ឍនា