អន្តរជាតិ៖ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង អានចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានចោទប្រកាន់សកម្មភាពរបស់ចិនថា៖ កំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។
ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ សារព័ត៌មាន CNA បានចុះផ្សាយថា នាឱកាសពិធីបើកកិច្ចប្រជុំជាមួយ សមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានលើកឡើងថា ខាងភាគីសហរដ្ឋអាមេរិក នឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមាន៖តំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ និងបានបង្ហាញភស្តុយ៉ាងច្រើន ទៅដល់អន្តរជាតិវិញរួចទៅហើយនោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការទូតអាមេរិក បានបញ្ជាក់ថា សំណុំរឿងទីក្រុងហុងកុង, តៃវ៉ាន់, ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក, ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។
ចំណែកលោក Yang Jiechi ជាការឆ្លើយតបទៅភាគីអាមេរិក ក៏បានលើកឡើងថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។ លោក Yang Jiechi បន្ថែមថា សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ»។
សូមជម្រាបថា កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះ ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន លោក ចេក ស៊ុលលីវែន (Jake Sullivan) ជាមួយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី៕ដោយ៖ស តារា
លោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken)