នគរបាលខេត្តកណ្តាល​ ប្រេីធម៌ក្ដៅជាមួយក្រុមអ្នកបេីករថយន្តដឹកដី ដឹកខ្សាច់ បើកបរលឿនៗ និងចុចស៊ីផ្លេតម្លង់គេឯង

ចែករំលែក៖

ខេត្តកណ្តាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ​ មានកិត្តិយសសូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «សូមគោរពបងប្រុសស្នងនគរបាលខេត្តកណ្តាល ខ្ញុំបាទមានសំណូមពរពីរ សូមបងប្រុសស្នងការជួយមានដំណោះស្រាយ៖

១- បញ្ហារឿងបងប្អូនមានឡានដឹកដី ដឹកខ្សាច់ គឺពេលដែលគាត់បើកបរជួបគ្នា គាត់បានចុចស៊ីផ្លេជាប់គ្នាទាំង២ ទាំង៣តែម្តង ហើយស៊ីផ្លេប្រើសុទ្ធតែស៊ីផ្លេខ្យល់ដែលបង្កជារំខាន និងប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវជាយថាហេតុផងដែរ។

២- ការបើកបរមានល្បឿនលឿន ដែលអាចបង្កគ្រោះបានគ្រប់ពេលវេលា។ សូមបងប្រុសស្នងការមេត្តាមានវិធានការ និងអប់រំពួកគាត់ផង ផ្លូវ21B ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមអរគុណ»។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវចំពោះករណីខាងលើ។

ជាលទ្ធផល៖​ នៅថ្ងៃពុធ ៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ១៤​ និង០០ នាទី លោកអធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឱ្យកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សរុបចំនួន ៩ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោហង្ស ផាណារ៉ា អធិការរងទទួលផែនសណ្តាប់ធ្នាប់ ចុះស្រាវជ្រាវដល់ចំណុចផ្លូវលេខ១១០ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់អប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះអ្នកបើកបររថយន្តដែលប្រើប្រាស់ស៊ីផ្លេខ្យល់លាន់ឮកងរំពងរំខានដល់សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានចំនួន១០គ្រឿង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print