ខេត្តកណ្ដាល៖ ផ្ទះស្ត្រីដែលជាថៅកែទិញ-លក់ស្រូវម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ចូលប្រមូលយកលុយអស់រាប់រយលានរៀល និងប្រាក់ដុល្លាររាប់រយដុល្លារ ដែលករណីនេះបានកើតឡើងប្រហែលជាវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជា ស៊ីឡាង អាយុ៤១ឆ្នាំ មានមុខរបរជាថៅកែទិញ-លក់ស្រូវ រស់នៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
សម្ភារបាត់បង់មានដូចជា៖ ១-ប្រាក់រៀល៤៥០លានរៀល មានប្រភេទក្រដាសប្រាក់១០ម៉ឺនរៀល និង៥ម៉ឺនរៀល, ២-ប្រាក់រៀល១៣០លានរៀល ប្រភេទក្រដាសប្រាក់៥ម៉ឺនរៀល និងប្រភេទក្រដាស់ប្រាក់រៀលចម្រុះទុកក្នុងកន្ត្រកជ័រពណ៌ខៀវ, ៣-ប្រាក់រៀល៧.០០០.០០០រៀលជាប្រភេទក្រដាសប្រាក់៥ម៉ឺនរៀល និងប្រភេទក្រដាស់ប្រាក់១ម៉ឺនរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារអាមេរិកជាប្រភេទក្រដាសប្រាក់១០០ដុល្លារមាន៣សន្លឹក ទុកក្នុងកាបូបស្ពាយពណ៌ឈាមជ្រូកលាយពណ៌លឿង ។ បើសរុបប្រាក់ដែលបាត់បង់មាន ៥៨៧លានរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារអាមេរិក ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ តុង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជាអ្នកប្រកបមុខរបរវេរប្រាក់មានផ្ទះលេខ៤១ ជាអ្នករស់នៅម្តុំជិតផ្សារអូឡាំពិក រាជធានីភ្នំពេញ បានយកប្រាក់៥០០លានរៀល មានប្រភេទក្រដាសប្រាក់១០ម៉ឺនរៀល និង៥ម៉ឺនរៀលយកទៅឲ្យគាត់ (ជនរងគ្រោះ)ដល់ផ្ទះ ដែលប្រាក់នេះសម្រាប់បង្វិលក្នុងការរកស៊ីទិញលក់ស្រូវ ។ ក្រោយពេលគាត់ទទួលប្រាក់នោះហើយ ក៏បានយកទៅទុកនៅក្នុងផ្ទះ ដោយដាក់នៅក្នុងឡាំងក្រដាស រួចហើយយកទៅទុកក្នុងទូធ្វើពីឈើកម្ពស់១ម៉ែត្រ ទទឹង០,៥០ម៉ែត្រ បណ្តោយ២,៥០ម៉ែត្រ ក្នុងថតទូចំហៀងខាងឆ្វេងថ្នាក់ខាងក្រោម ។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី១៨ ខែមីនា វេលាម៉ោង២រំលងអធ្រាត្រ គាត់(ជនរងគ្រោះ) បានដកប្រាក់ចំនួន៥០.០០០.០០០លានរៀលពីឡាំងក្រដាសមកដាក់ក្នុងកន្ត្រកជ័រពណ៌ខៀវ ដើម្បីទុកទូទាត់ប្រាក់ថ្លៃទិញស្រូវនៅពេលព្រឹក ដោយមានប្រាក់នៅក្នុងកន្ត្រកជ័រពណ៌ខៀវនោះសរុបប្រហែល១៨០លានរៀល រួចក៏បានចាក់សោទុកត្រឹមត្រូវវិញ និងបានយកកូនសោទៅទុកនៅលើពូកក្បាលដំណេកក្នុងបន្ទប់ដេក ។ ក្នុងពេលនោះផងដែរ ឈ្មោះ ជា វ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់គាត់ (ជនរងគ្រោះ) ក៏បានយកកាបូបស្ពាយពណ៌ឈាមជ្រូកលាយលឿងរបស់ខ្លួនដែលមានប្រាក់ចំនួន ៧.០០០.០០០រៀល និងប្រាក់ដុល្លារចំនួន៣០០ដុល្លារយកទៅទុកក្នុងទូជាមួយគ្នានៅថតទូចំហៀងខាងស្តាំ ប៉ុន្តែពុំបានចាក់សោទ្វារទូទេ។ ចំណែកឈ្មោះ អេង គីមម៉ុង ភេទប្រុស ត្រូវជាប្តីរបស់ប្អូនស្រីគាត់បានទៅចាក់សោទ្វារសំយាបជញ្ជាំងដែកចំហៀងផ្ទះ និងចាក់សោទ្វារខាងមុខផ្ទះ រួចហើយក៏នាំគ្នាចូលទៅសម្រាកក្នុងបន្ទប់ដេករៀងៗខ្លួនទៅ។ លុះដល់វេលាម៉ោង៧ព្រឹក ឈ្មោះ អេង គីមម៉ុង ត្រូវជាប្តីរបស់ប្អូនស្រីគាត់បានងើបពីដំណេក រួចដើរចេញពីបន្ទប់ដេកមកខាងមុខ ក៏បានឃើញទ្វារទូដាក់ប្រាក់របស់គាត់ (ជនរងគ្រោះ) របើក និងទ្វារដែកបត់ខាងមុខផ្ទះចំហ ព្រមទាំងទ្វារសំយាបជញ្ជាំងជ្ទះខាងត្បូងចំហ ហើយបាត់មេសោចាក់ទ្វារ ក៏ផ្អើលឆោឡោ ទើបដឹងថាមានចោរចូលលួចប្រាក់របស់ខ្លួនម៉ត់តែម្តង ។
បន្ទាប់ពីបានឃើញស្ថានការណ៍យ៉ាងដូច្នោះភ្លាម ជនរងគ្រោះក៏បានទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន និងរាយការណ៍បន្តទៅកម្លាំងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ត្រា ដើម្បីទុកបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាដែលជាចោរថ្លើមពាសមេឃ ដែលហ៊ានគាស់ទម្លុះទម្លាយផ្ទះស្ត្រីអ្នករកស៊ីទិញ.លក់ស្រូវ យកប្រាក់អស់រាប់លានរៀល និងរាប់រយដុល្លារ នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ ស្អាងជ័យ