ភ្នំពេញ, លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, សូមអរគុណសម្រាប់ការលះបង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនជាចម្បង
លោកថ្លែងបន្តថា, យើងខ្ញុំដឹងថាពេលនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែសូមបងប្អូនចំណាយពេលបន្តិច ក្រឡេកមើល សកម្មភាពរបស់ពួកគាត់ដែលកំពុងបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ បាយក៏មិនត្រង់មាត់ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ។
លោកលើកជាសំណួរថា, សួរថាតើពួកគាត់ខ្លាចទេ? តើក្រុមគ្រួសាររបស់ពួកគាត់ ព្រួយបារម្ភពីសុខទុក្ខរបស់ពួកគាត់ទេ? តើពួកគាត់ប្រឹងប្រែង លះបង់បែបនេះ ដើម្បីអ្វី? ហើយការលះបង់នេះគឺដើម្បីអ្នកណា?
ពិតណាស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ពិតជាមានការព្រួយបារម្ភជាងយើងទាំងអស់គ្នាទ្វេដង តែសេចក្តីក្លាហាន ទឹកចិត្តនៃការលះបង់ ការតស៊ូ ក្នុងបុព្វហេតុដើម្បីជាតិ និងប្រជាជន មានទំហំធំធេងជាងភាពភ័យខ្លាចទាំងនោះទៅទៀតមិនខុសអ្វីពីការធ្វើសង្គ្រាមដើម្បីជាតិ និងសេចក្តីសុខរបស់ប្រជាជននោះទេ។ កន្លងមក យើងបានឆ្លងកាត់ព្រឹត្តិការណ៍លំបាកនានាច្រើនណាស់ តែស្មារតី ខ្មែរតែមួយអនាគតតែមួយ ស្មារតីនៃការរួមគ្នារបស់ប្រជាជនខ្មែរ បាននាំមកនូវភាពជោគជ័យ ជាបន្តបន្ទាប់ដែលគួរជាទីមោទន។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងថា, ក្នុងពេលវេលាដ៏លំបាកនេះ យើងខ្ញុំពិតសូមកោតសរសើរអស់ពីបេះដូង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកងទ័ពអាវស អាជ្ញាធរមូលដ្ឋាន ក្រុមការងារមានសមត្ថកិច្ច ក្រុមការងារស្រាវជ្រាវ មិត្តបរទេស ក្រុមយុវជនស្ម័គ្រចិត្ត បុគ្គលិកសុខាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសការចង្អុលបង្ហាញ និងការដឹកនាំដ៌វាងវៃប្រកបដោយទឹកចិត្តសប្បុរស គុណធម៌ មនុស្សធម៌ ព្រហ្មវិហារធម៌ ក្តីអាណិតស្រឡាញ់លើប្រជាពលរដ្ឋ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន គ្រប់ពេលវេលា និងនៅជាមួយគ្នាគ្រប់កាលៈទេសៈ។
អ្វីដែលរឹតតែសំខាន់ និងខានមិនបាននោះគឺ យើងខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ជឿជាក់លើកម្ពុជា ហើយចូលរួមក្នុងបេសកកម្ម ក៏ដូចជា ជាផ្នែកមួយនៃការប្រយុទ្ធក្នុងសមរភូមិកូវីដ១៩នេះ។ បើគ្មានស្មារតី និងទឹកចិត្តនៃការចូលរួមទាំងអស់គ្នាទេ យើងពិតជាមិនអាចឆ្លងការលំបាកទំាងអស់នេះបានទេ៕
ដោយ, សុខ ខេមរា