បណ្តាផ្លូវនានាចាកចេញពីទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ចង្អៀតណែនដោយសារតែពលរដ្ឋនាំគ្នាសម្រុកចេញពីទីក្រុង បញ្ចៀសពីការប្រើហិង្សារបស់កម្លាំងយោធាទៅលើពលរដ្ឋ ។
មីយ៉ាន់ម៉ាធ្លាក់នៅក្នុងស្ថានភាព អសន្តិសុខក្រោយពេលកម្លាំងយោធា ចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលក្នុងនោះមានលោកស្រី អោងសាន ស៊ូជី កាលពីថ្ងៃទី ១ខែកុម្ភៈ។ សកម្មភាពទាំងនោះបង្កឲ្យមានបាតុកម្មប្រឆាំងកើតឡើង ហើយកម្លាំងយោធាក៏បានប្រើហិង្សាដើម្បីបំបែក ។
តាមអង្គការសិទ្ធិមនុស្ស ក្នុងស្រុកបានឲ្យដឹងថា មកទល់ពេលនេះមានអ្នកស្លាប់ កើនឡើងដល់ទៅជាង២២០ នាក់ហើយ និងបាតុករជាង ២០០០នាក់ត្រូវបានយោធាចាប់ខ្លួន។
កម្លាំងយោធាមីយ៉ាន់ម៉ា បាន អនុវត្តច្បាប់អាជ្ញាសឹក នៅខណ្ឌចំនួន ៦ នៅក្នុងទីក្រុង Yangon ធ្វើឲ្យពលរដ្ឋដល់ទៅជិត២លាននាក់ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីកម្លាំងយោធា។
ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា នៅថ្ងៃទី១៩ខែមីនា បានផ្សព្វផ្សាយរូបភាព នៃការកកស្ទះចរាចរណ៍ ចេញពីទីក្រុង Yangon ទៅកាន់តំបន់ជនបទគេចពីការប្រើអំពើងហិង្សាពីយោធា។ ពលរដ្ឋម្នាក់ រស់នៅក្បែរទីតាំងដែលបាតុកររងការបាញ់សម្លាប់ដោយយោធា បានលើកឡើងថា« ខ្ញុំមានអារម្មណ៍ ថាការរស់នៅក្នុងទីក្រុងមិនមានសុវត្ថិភាពទៀតឡើយ ជាច្រើនយប់កន្លងមកខ្ញុំដេកមិនលក់នោះឡើយ»។
នៅពេលនេះដែរមន្ត្រីប្រចាំខេត្ត Tak របស់ថៃដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ា បានឲ្យដឹងថាបានរៀបចំទីតាំង ដែលអាចទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា។នៅក្នុងខេត្តនេះអាច ទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាយ៉ាងតិច ៥ម៉ឺននាក់៕ដោយ៖ធីរីណា
ស្លាប់កើនឡើងជាង ២២០ នាក់ ពលរដ្ឋមីយ៉ាន់ម៉ា នាំគ្នាសម្រុកចេញពីទីក្រុង Yangon
...