សារព័ត៌មាន AFP បានផ្សាយថា បណ្តាញទូរទស្សន៍រុស្ស៊ី បានផ្សាយថា កាលពីថ្ងៃទី១៨ខែមីនា (ពេលវេលានៅទីក្រុងមូស្គូ) ប្រធានាធិបតីពូទីន បានប្រកាសថា លោកបានត្រៀមលក្ខណៈពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោកបៃឌិន ស្តីពីទំនាក់ទំនងប្រទេសទាំងពីរ និងបញ្ហាសំខាន់ៗជាច្រើនផ្សេងទៀត។
ប្រធានាធិបតីពូទីនស្នើជួបពិភាក្សា តាមអនឡាញនៅថ្ងៃទី១៩ ខែមីនា ឬថ្ងៃទី២២ខែមីនា(ពេលវេលាក្នុងតំបន់)។ ប៉ុន្តែមកទល់ពេលនេះអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki មិនទាន់លើកឡើងពីបញ្ហាខាងលើនោះនៅឡើយ ហើយគេចពីការសួររបស់ក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណើជួបពិភាក្សារបស់ប្រធានាធិបតីពូទីន។ លោកស្រីបានបញ្ជាក់ថា ពេលនេះ ប្រធានាធិបតីបៃឌិនកំពុងតែបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Georgia ដែលជារដ្ឋទើបមានការបាញ់ប្រហារបណ្តាលឲ្យជនជាតិអាស៊ី៦នាក់ស្លាប់ ។
ទំនាក់ទំនងរវាងអាមេរិក និឹងរុស្ស៊ីកាន់តែអាក្រក់ ក្រោយពេលលោកបៃឌិន បានឆ្លើយតបទៅនឹងបទសម្ភាសន៍កាលពីថ្ងៃទី១៧ខែមីនា ដោយលោករិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីពូទីន ហើយបញ្ជាក់ថា រុស្ស៊ីនឹងត្រូវទទួលខុសត្រូវពីការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិក។ ភ្លាមៗនោះរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូដើម្បីប្រឆាំងនិឹងសកម្មភាពខាងលើ ។ មិនតែប៉ុណ្ណោះ រុស្ស៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាមេរិក វិលត្រឡប់មកប្រទេសវិញផងដែរ៕ ដោយ សាធី
រូបភាព៖ Getty Images.