ខេត្តកំពង់ចាម ៖ លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរបានប្រកាសថា ក្នុងមូលដ្ឋានលោកគ្មាន បេីកលេងល្បែងបញ្ជល់មាន់ស៊ីសងផ្គេីន ទៅនឹងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ។ ការអះអាងបែបនេះ បន្ទាប់ពីលោកដឹកនាំកម្លាំងចុះពិ
និត្យលេីមូលដ្ឋានទីតាំងដែលចោទថា
លួចបេីកលេងល្បែងស៊ីសងបញ្ជល់មាន់។
លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាននគរដ្រេហ្គនថា បន្ទាប់ពីទទួលព័ត៌មានចោទប្រកាន់ខាងលេីនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ , កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករំដេង និងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានចុះស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) មួយកន្លែង នៅចំណុចក្រោមដើមចារ ព្រៃខ្លោង នៅខាងត្បូង ឆៀងខាងលិចភូមិត្នោត(ខ) ចម្ងាយប្រហែល ៦០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្កំពង់ចាម ។
លោកថា ជាលទ្ធផលពេលកម្លាំងសមត្ថ
កិច្ចយេីងចុះទៅដល់ពិនិត្យឃើញថា ពុំមានសកម្មភាពលេងល្បែងបញ្ជល់មាន់ ដូចការចុះផ្សាយព័ត៌របស់គេហទំព័រម្ចាស់ទន្លេមេគង្គនោះឡើយ ហើយតាមការពិនិត្យស្ថានភាពទីតាំងខាងលើ គឺមានសភាពចាស់យូរហើយ ។
ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្នោត(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងផ្អែកតាមរបាយការណ៍របស់អាជ្ញាធរពាក់ព័ន្ធបានបំភ្លឺឲ្យដឹងថា៖ កន្លងមកនៅចំណុចក្រោមដើមចារ ព្រៃខ្លោង នៅខាងត្បូងឆៀងខាងលិចភូមិត្នោត(ខ) ចម្ងាយប្រហែល៦០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្លាប់បានឃើញគេមកលួចលេងល្បែងបញ្ជល់មាន់ពីរមួយគូទៅពីរគូ ហើយក៏ឈប់លេងទៅវិញ ហើយសមាសភាពដែលមកលេងភាគច្រើនជាអ្នកមកពីចម្ងាយ តែត្រូវបានសមត្ថកិច្ចចុះមកបង្ក្រាបជាច្រើនលើកមកហើយ ។ រហូតដល់បច្ចុប្បន្ននេះពុំមានការលួចលេងល្បែងបញ្ជល់មាន់ទៀតនោះទេ ហើយទីតាំងនេះសមត្ថកិច្ចមូលដ្ឋានបានដាក់កម្លាំងចុះល្បាតត្រួតពិនិត្យរៀងរាល់ថ្ងៃ ។
ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការស្រាវជ្រាវខាងលើនេះ លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុក បានទូរស័ព្ទទៅម្ចាស់គេហទំព័រម្ចាស់ទន្លេមគង្គ ដើម្បីស្នេីសុំឲ្យមកចង្អុលបង្ហាញពីទីតាំង និងចូលរួមក្នុងកិច្ចប្រតិបត្តិការ ជាមួយសមត្ថកិច្ចយើង ប៉ុន្តែម្ចាស់គេហទំព័រ សារព័ត៌មានខាងលើនេះ បានបដិសេធ ដោយឆ្លើយថា ជាប់រវល់នៅឆ្ងាយ មិនអាចចូលរួមបានទេ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំចំពោះព័ត៌មានក្លែងក្លាយផ្ទុយពីការណ៍ពិតនេះ និងសូមចៀសវាងការចែករំលែកបន្ត ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរបស់ជំនាញ ដើម្បីនាំខ្លួនជនទុច្ចរិតខាងលើមកអនុវត្តនីតិវិធី និងក៏អាចប្រឈមមុខចំពោះការស្រាវជ្រាវរបស់មន្ត្រីជំនាញផងដែរ ។
សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្តាញទំនាក់ទំនងសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន របស់សារព័ត៌មានគេហទំព័រក្នុងស្រុកមួយ ដែលកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានចុះផ្សាយមានខ្លឹមសារថា: (សង្វៀនជល់មាន់មួយកន្លែង នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានផ្លូវចូលពីភូមិវាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានចម្ងាយប្រហែលជា ៣គីឡូម៉ែត្រ បើកលេងរាល់ថ្ងៃគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ ៕
ដោយ, វណ្ណៈ