​ពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការ​រំលោភ​យក​ដី​បឹង​កង្កែប​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​ព្រួយបារម្ភ​ ចំពោះ​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ ដែល​ជា​បឹង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​។​ ទីតាំង​បឹង​កង្កែប​ដែល​រង​ការ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ បុគ្គល​មួយ​ចំនួន​ បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ​ គ្មាន​សកម្មភាព​ទប់ស្កាត់​ទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ បឹង​កង្កែប​ជា​បឹង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង​រាប់រយ​ហិច​តារ​ មា​នទី​តាំងនៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ឬ​នៅ​ជាប់​ចម្ការ​ដូង​ចេ​ង​ហេង​ នា​ឆ្នេរសមុទ្រ​រាម​។​ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ​ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់ទី​តាំង​នោះ​ បង្ហាញ​ការ​សោកស្ដាយ​ដែល​ព្រៃកោងកាង​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ ត្រូវ​គេ​កាប់​ទន្ទ្រាន​ ឬ​ពុះ​ច្រៀក​ជា​ឡូៗ​ធ្វើ​កម្មសិទ្ធិ​ ដោយ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ណាមួយ​ក្នុង​ខេត្ត​នេះ​ ចេញ​មុខ​ទប់ស្កាត់​ទេ​។​

​ពលរដ្ឋ​ភូមិ​អុង​ និង​មន្ត្រីរាជការ​ចូល​និវត្តន៍​ខ្លះ​ចោទ​ថា​ កន្លង​មកនេះ​ លោក​ឧកញ៉ា​ លឹ​ម​ ហ៊ុយ​ឡេ​ង​ លោក​ឧត្ដមនាវីឯក​ អ៊ុ​ក​ សីហា​ មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម​ និង​លោក​ នួន​ ប៊ុ​ន​ថុ​ល​ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះ​សីហ​នុ​ ជាដើម​ មាន​ជាប់​ពាក់ព័ន្ធ​ ឬ​មានឈ្មោះ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​នៅ​ភូមិ​អុង​ ជុំវិញ​បរិវេណ​បឹង​កង្កែប​នេះ​ដែរ​។​ លោក​ អ៊ុ​ក​ សីហា​ បាន​យក​ទីតាំង​ដី​ព្រៃកោងកាង​យក​ទៅ​ដាំដូង​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ បាន​លក់​បន្ត​ និង​បុគ្គល​ខ្លះ​ទៀត​ បាន​ចាក់​ដី​ ឬ​បោះបង្គោល​ថ្ម​កំណត់​ទីតាំង​ដី​រៀងៗ​ខ្លួន​ ប៉ុន្តែ​មិន​ទាន់​មានការ​ដាំ​ដុះ​ទេ​។​

​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះ​សីហ​នុ​ លោក​ នួន​ ប៊ុ​ន​ថុ​ល​ បាន​បដិសេធ​ថា​ លោក​មិន​បាន​ទន្ទ្រាន​កាន់កាប់​ព្រៃកោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ ឬ​នៅ​ភូមិ​អុង​ ដូច​ការ​ចោទ​ទេ​។​ ប៉ុន្តែ​ទទួលស្គាល់​ថា​ ដី​ព្រៃកោងកាង​នៅ​តំបន់​នេះ​ ពិតជា​មាន​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា​ និង​មន្ត្រី​មាន​អំណាច​ កំពុងធ្វើការ​ទាំង​ក្នុង​ស្ថាប័ន​ស៊ី​វិល​ និង​កងកម្លាំងប្រដាប់អាវុធ​មានឈ្មោះ​កាន់កាប់​ដី​នៅ​តំបន់​នោះ​ពិតមែន​។​

​ដោយឡែក​ អាជ្ញាធរ​ភូមិ​អុង​ និង​ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ទទួលស្គាល់​ថា​ ព្រៃកោងកាង​នា​មូលដ្ឋាន​នេះ​ ពិតជា​ត្រូវ​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់​ ហើយ​ឈ្មួញ​ និង​មន្ត្រី​រដ្ឋាភិបាល​ បាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ពិត​ មែន​ ប៉ុន្តែ​ករណី​នេះ​ អាជ្ញាធរ​ត្រឹម​ថ្នាក់​ភូមិ​-​ឃុំ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ទេ​។​

​អភិបាលខេត្ត​ព្រះ​សីហ​នុ​ លោក​ យន្ត​ មីន​ មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ ឬ​ដី​ចំណី​មាត់បឹង​កង្កែប​នៅ​ភូមិ​អុង​ ឃុំ​រាម​ នេះ​ហើយ​ ហើយ​បាន​កោះហៅ​ លោក​ នួន​ ប៊ុ​ន​ថុ​ល​ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​នេះ​ ឲ្យ​មក​បំភ្លឺ​រួច​ហើយ​។​ លោក​ថា​ នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ព្រៃកោងកាង​នា​ មូលដ្ឋាន​នេះ​នៅ​ថ្ងៃ​ខាង​មុខ​។​

​ទោះជា​យ៉ាងណា​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ គួ​មាន​វិធានការ​ទប់ស្កាត់​ សកម្មភាព​ឃុបឃិត​ទន្ទ្រាន​កាន់កាប់​ ឬ​ពុះ​ច្រៀក​ដី​ព្រៃកោងកាង​នៅ​ជុំវិញ​ដី​ចំណី​បឹង​កង្កែប​នា​ភូមិ​អុង​ ដើម្បី​ឈាន​ដល់​រឹបអូស​ដី​ព្រៃកោងកាង​ ដែល​ត្រូវ​បុគ្គល​មួយ​ចំនួន​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​ និង​អភិរក្ស​ព្រៃកោងកាង​នៅ​តំបន់​ភូមិ​អុង​ ឬ​បឹង​កង្កែប​នេះ​ឲ្យ​បាន​គង់វង្ស​ ទុក​សម្រាប់​ត្រី​សមុទ្រ​បន្ត​ពូជ​ដូច​ដើម​វិញ ​៕​ ​

aew

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print