មានបាតុករជាង៣០នាក់រងរបួសនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ នៅក្បែររាជវាំងថៃ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តបាញ់ទឹក គ្រាប់បែកផ្សែងនិងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុករ ដែលបានធ្វើបាតុកម្មនៅយប់ថ្ងៃទី ២០ខែមីនា។ រូបភាពដែលបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា បាតុករនិងប៉ូលិសប៉ះទង្គិចគ្នាដោយហិង្សា ហើយបាតុករខ្លះរត់ចោលម៉ូតូ ខ្លះគេចខ្លួនចូលក្នុងភោជនីយដ្ឋាន។
កម្លាំងប៉ូលិសបានឲ្យដឹងនៅថ្ងៃទី ២១ខែមីនាថា សកម្មភាពរបស់ប៉ូលិសក្នុងការបង្ក្រាប់ក្រុមបាតុករគឺស្របទៅតាមច្បាប់អន្តរជាតិ ។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនបាតុករ ២០នាក់ផងដែរដែលបំពានច្បាប់ជួបជុំគ្នានៅទីសាធារណៈ។
លោក Piya Tavichai ស្នងការរងកម្លាំងប៉ូលិសថៃ បានឲ្យដឹងថា «អំពើហិង្សាកើតចេញពីក្រុមបាតុករនិងកម្លាំងប៉ូលិសការពារទ្រព្យសម្បត្តិសាធារណៈ។ ចំណែកក្រុមបាតុករមកទល់ពេលនេះមិនទាន់មានការលើកឡើងអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។
កន្លងមកថ្មីៗ ក៏មានបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បណ្តាលឲ្យមនុស្ស ២០នាក់រងរបួស ។ ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ បានចាប់ផ្តើមនៅដើមឆ្នាំ២០២០ ។ ក្រុមបាតុករ បានចោទប្រកាន់របបរាជានិយមបានព្យាយាមពង្រីកអំណាចក្រោយការបោះឆ្នោតនៅឆ្នាំ២០១៩ ហើយនាយករដ្ឋមន្ត្រីប្រាយុទ្ធគាំទ្រ សកម្មភាពទាំងនោះ។
នៅថ្ងៃទី ២១ខែមីនា រាជវាំងថៃបានបដិសេធវិភាគពីការធ្វើបាតុកម្មប្រឆាំង។ ជាមួយគ្នានេះរដ្ឋាភិបាល ថៃបានថ្កោលទោសយ៉ាងខ្លាំងដល់ការរិះគន់ព្រះមហាក្សត្រ គឺជាការខុសច្បាប់ មិនស្របទៅតាមច្បាប់ឡើយ៕ ដោយ សាធី
ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលីសនៅក្នុងប្រទេសថៃ។(រូបភាព៖ Reuters )