ភ្នំពេញ, នៅវេលាម៉ោង ០១:០០នាទីយប់រំលងអាត្រាធចូលថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបានសម្រេចបិទទីតាំងអាជីវកម្មខាងលើទាំងស្រុង ដោយមនុស្សនៅក្នុងទីតាំងខាងលើ បានប្រគល់ទៅអោយអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្តចំពោះសម្ភារនៅក្នុងរួមមាន ទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ។
ដោយទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងមិនបានអនុវត្តតាមវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល ក្នុងបង្ការ និងទប់ស្កាត់ការររីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែលកម្ចាត់មេរោគ និងទឹកអាល់កុលជាដើម ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ, សិលា