កាលពីថ្ងៃទី២១ ខែមីនា(ពេលវេលាក្នុងតំបន់) ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅទីក្រុង Bristol ភាគខាងលិចទិក្រុងឡុងដុងប្រទេសអង់គ្លេស បណ្តាលឲ្យប៉ូលិស២នាក់រងរបួសធ្ងន់។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter លោក John Apter មន្ត្រីប៉ូលិសប្រចាំនៅតំបន់ Wales បានបញ្ជាក់ថា ក្រុមបាតុករបានវាយប្រហារទីតាំងស្នាក់ការប៉ូលិសនៅតំបន់ Bristol ហើយវាយប្រហារដុតបំផ្លាញរថយន្តជាច្រើនគ្រឿង។
ការប៉ះទង្គិចគ្នាកើតឡើង ក្រោយក្រុមបាតុកររាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការប៉ូលិសដើម្បីប្រឆាំងច្បាប់ថ្មីស្តីពីប៉ូលិសនិងជនល្មើស រៀបចំដោយរដ្ឋាភិបាល ។ ច្បាប់នោះបានផ្តល់សិទ្ធិដល់កម្លាំងប៉ូលិសចាត់ការទៅលើក្រុមដែលបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Priti Patel បានថ្កោលទោស ដល់សកម្មភាពប្រើហិង្សាពីសំណាក់ក្រុមបាតុករគឺជារឿងមិនអាចទទួលយកបានឡើយ។ បាតុកម្មក្លាយជាហិង្សាកើតឡើងក្រោយពេលដែលអង់គ្លេសអនុវត្តវិធានការរិឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
កាលពីថ្ងៃទី ២០ខែមីនា បាតុកររាប់សិបពាន់នាក់ នៅទីក្រុងឡុងដុង មិនខ្វល់ពីការហាមប្រាម នាំគ្នាធ្វើបាតុកម្មប្រឆាំងការរិឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ កម្លាំងសន្តិសុខបានព្យាយាមបំបែកក្រុមបាតុករ ដោយបានចាប់ខ្លួនបាតុករ ៣៦នាក់ផងដែរ៕ ដោយ សាធី
រូបភាព៖ Reuters