ជនសង្ស័យក្នុងករណីឃាតកម្មត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីបំផុតនគរបាលខេត្តបន្ទាយមានជ័យបង្ហាញមុខជនសង្ស័យក្នុងករណីមនុស្សឃាតធ្វើឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

លោកភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកំរិតធ្ងន់បានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង៤០នាទីទាបភ្លឺថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម កើតឡើងនៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME)ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណធ្វើឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឈីវ ហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុនិងជនរងគ្រោះម្នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណរងរបួសធ្ងន់ត្រង់ផ្នែកសៀតផ្កាខាងឆ្វេង មុតផុងលលាដ៍ក្បាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ។

លោកនាយការិយាល័យ នគរបាលកំរិតធ្ងន់បានបញ្ជាក់ថា៖ដោយ បានប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការរបស់កម្លាំងជំនាញនគរបាលឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចាន់ សំណាង (ហៅវ៉ច) ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  មុខរបរជាបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរ មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោក នូ  ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង០២នាក់នោះមែន ព្រោះតែខឹងនិងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលគេចំនួន ០២ដៃកាលពីថ្ងៃមុនដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មាន ឈ្មោះ ឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ  ជាប្រពន្ធរបស់ខ្លួន។ នៅយប់ថ្ងៃកើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ  1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ដែលពួកគេជួលនៅ ខ្លួនបានពួនសម្ងំនៅខាងក្រៅ ពេលនោះ ឈ្មោះពេជ្រ ជិះម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ខ្លួន(ជនសង្ស័យ)ដែលប្រពន្ធខ្លួនកំពុងដេក  ចំណែកឈ្មោះហាក់ អង្គុយនៅលើម៉ូតូ បន្ទាប់មកខ្លួនគេបានលប់ទៅកាប់ឈ្មោះហាក់០១កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួន បណ្តាលឲ្យរងរបូសធ្ងន់ ។ក្រោយមកខ្លួនបានជិះម៉ូតូជាមួយមិត្តភក្តិរបស់ខ្លួនដើម្បីគេចខ្លួន និងយកកាំបិតទៅចោលក្រោមស្ពានស្ទឹងទឹកថ្លា ។

លោកស្នងការរ ផែនការងារ បានបញ្ជាក់ថា៖ករណីនេះគឺជារឿងស្នេហាត្រីកោណ ទើបឈានដល់ករណីអំពើហិង្សា ។បច្ចុប្បន្នជនសង្ស័យឈ្មោះចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កំពុងសាកសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

      

...

ដោយ៖​ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print