ខេត្តព្រះវិហារ ៖ បុរសជាថៅកែហាងផឹកស៊ីយីហោឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់ ប្រព្រឹត្តក្នុងទីតាំងហាងរបស់ខ្លួន និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់សារព័ត៌មាន ឱ្យដឹងនៅរសៀលថ្ងៃនេះថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។
លោកបន្តថា៖ «មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មិត្តភ័ក្រនារីរងរងគ្រោះ ដែលបានមកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភ័ក្ររូបនោះឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ»។
សូមបញ្ជាក់ថា, ក្រោយពីទទួលបានព័ត៌មានពីមិត្តភ័ក្រនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។
លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាថៅកែហាង ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង អាយុ២០ឆ្នាំ។
លោកបន្ថែមទៀតថា តាមដំណើររឿងនៃការឃាត់ខ្លួននេះ គឺដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ ប៉ុន្តែរឿងរ៉ាវលម្អិតយ៉ាងណានោះនឹងដឹងច្បាប់បន្ទាប់ពីបញ្ចប់ការសួរនាំរបស់សមត្ថកិច្ច។
នេះជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុត ដែលច្បាប់ត្រូវចាត់វិធានការ អោយមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ជនរងគ្រោះ ចេះបានមិត្តភក្តិជួយរត់រករាយការណ៍ជូនទៅតំណាងអយ្យការ បានទាន់ពេល កុំអីជនសង្ស័យខាងលើចាក់សោទុក អាចដល់ស្លេកស្លាំង ស្គម ឬបាត់បង់ជីវិត ដោយសារការធ្វើទារុណកម្មផ្លូវចិត្ត និងរូបរាងកាយ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានជំនឿថា, តំណាងអយ្យការការ នឹងចាត់ការក្នុងរឿងនេះ ធ្វើការចោទប្រកាន់ ជនប្រព្រឹត្ត បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌ ធ្វើកំណត់ហេតុស្តាប់ចម្លើយបញ្ជូនខ្លួនទៅតុលាការនោះ៕
https://youtu.be/MwDn0SQPy_4
ដោយ, សិលា