អន្តរជាតិ៖ បេីយោងតាមក្រសួងការពារជាតិអង់គ្លេស បានបង្ហាញផែនការទំនើបកម្មយោធា ជាមួយការប្ដេជ្ញាចិត្តពង្រឹងការការពារផលប្រយោជន៍អង់គ្លេសលើបញ្ហាជាច្រើន និងនៅជុំវិញពិភពលោក បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសបានបង្ហាញពីគោលនយោបាយការបរទេស និងសន្តិសុខនៅចំពោះមុខសភាជាន់ទាបអង់គ្លេស។
ក្រសួងការពារជាតិអង់គ្លេស បន្តថា ផែនការទំនើបកម្មយោធា ដែលត្រូវបានទន្ទឹងរងចាំអស់រយៈពេលយ៉ាងយូរនេះ មានឈ្មោះថា «ការការពារក្នុងយុគសម័យប្រកួតប្រជែង»។ ជាក់ស្ដែងផែនការនេះ គឺផ្តោតការយកចិត្តទុកដាក់មួយភាគធំលើវិស័យកងទ័ពជើងទឹកនៃប្រទេសនេះ ក៏ដូចជាវត្តមាននៃកងទ័ពអង់គ្លេសនៅជុំវិញពិភពលោក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា ផែនការនេះ នឹងតម្រូវឱ្យអង់គ្លេសវិនិយោគ និងផលិតបន្ថែមទៀតនូវនាវាចម្បាំង នាវាមុជទឹក ក៏ដូចជាបន្ថែមចំនួនកងទ័ពជើងទឹករបស់ខ្លួន។ កងទ័ពជើងទឹកអង់គ្លេស ក៏នឹងត្រូវបញ្ជូនឱ្យជួយការពារ និងល្បាតផ្លូវទឹកដែលប្រើសម្រាប់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ក៏ដូចជាការពារសេរីភាពនាវាចរណ៍ផងដែរ។
ដោយឡែកសំណេរក្នុងសេចក្តីថ្លែការណ៍របស់លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេសចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយមានវត្តមានកងទ័ពនៅជុំវិញពិភពលោក យើងនឹងបន្តប្រតិបត្តិការក្នុងការកំញើញសត្រូវ ធានាប្រទេសជាមិត្ត សមាហរណកម្មជាមួយសម្ពន្ធមិត្ត និងការប្រយុទ្ធ បើចាំបាច់»។
សម្រាប់ផែនការស្តីពីទំនើបកម្មយោធានេះ ត្រូវបានផ្សព្វផ្សាយមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសនូវគោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិនាថ្ងៃទី១៦ ខែមីនា។ ខណៈគោលនយោបាយនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញមហិច្ឆតារបស់ទីក្រុងឡុងដ៍ក្រោយការចាកចេញពីសហភាពអឺរ៉ុប។
សូមជម្រាបថា គោលនយោបាយទាំងនោះផ្តល់អាទិភាពក្នុងការបន្តប្រឆាំងនឹងរុស្ស៊ី ការយកចិត្តទុកដាក់របស់អង់គ្លេសមកកាន់ទ្វីបអាស៊ី ការចាត់ទុកចិនជាគូប្រជែងដែលមានលក្ខណៈជាប្រព័ន្ធ និងការបង្កើនចំនួនអាវុធនុយក្លេអ៊ែររហូតដល់ទៅ៤០ភាគរយ។
ដោយឡែកចំពោះផែនការទំនើបកម្មយោធានេះ ទឹកប្រាក់ចំនួន២៧៦,៧លានដុល្លារ នឹងត្រូវចំណាយលើកងទ័ពជើងទឹក។ បន្ថែមពីនេះ កងកម្លាំងម៉ារីនរបស់អង់គ្លេស នឹងកែទម្រង់ឱ្យទៅជាកងកម្លាំងពិសេសដែរ។ ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តារប្រទេសឯទៀតលើវិស័យយោធា អង្គភាពមួយដែលមានអ្នកជំនាញយោធាមកពីគ្រប់វិស័យនឹងផ្តល់ការណែនាំ និងហ្វឹកហ្វឺនទៅប្រទេសជាដៃគូទាំងអស់។
គួររម្លឹកដែរថា លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ បានប្រកាសពីការបង្កើនឡើងវិញនូវការចំណាយលើវិស័យយោធាសម្រាប់រយៈពេល៤ឆ្នាំទៅមុខដែលមានទំហំរហូតដល់២២ពាន់លានដុល្លារ។ ចំណាយក្នុងវិស័យការពារជាតិរបស់អង់គ្លេសប្រចាំឆ្នាំ មានប្រមាណ៥៥ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ធ្លាប់អះអាងថា ទំនើបកម្មយោធាអង់គ្លេស រួមមានការបង្កើតទីបញ្ជាការអវកាស ភ្នាក់ងារប្រាជ្ញាសិប្បនិម្មិត និងការស្តារឡើងវិញនូវកងទ័ពជើងទឹងអង់គ្លេស។ បន្ថែមពីនេះ កងកម្លាំងសាយប័រនឹងត្រូវបង្កើតឡើងអមជាមួយទីបញ្ជាការអវកាស ដែលនឹងអាចមានសមត្ថភាពក្នុងការបាញ់រ៉ុក្កែតនៅឆ្នាំ២០២២៕ដោយ៖ស តារា
រូបភាព៖Royal Navy