UN​៖ ព្រមានបណ្តាប្រទេសជាច្រើនលើពិភពលោកមិនសូវឲ្យតម្លៃលើទឹក​ដែលជាធនធានដ៏សំខាន់​ ខណៈ​ប្រជាជនក្រីក្រនៅតំបន់ខ្លះកំពុងខ្វះទឹកប្រើប្រាស់

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមរបាយការណ៍អភិវឌ្ឍទឹកពិភពលោកឆ្នាំ២០២១​ ដែលចងក្រងឡើងដោយអង្គការយូណេស្កូនិងត្រូវបានចេញផ្សាយនៅថ្ងៃចន្ទទី២២​ ខែមីនា​ ឆ្នាំ​២០២១ថា​ ទឹកត្រូវបានគេចាត់ទុកជាធនធានមានតម្លៃទាបដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត។ មូលហេតុនេះហើយទើបកសិករមួយចំនួនមិនសូវខ្វល់ខ្វាយពីការសន្សំសំចៃទឹកឡើយ។ តំបន់ខ្លះទៀត ប្រជាជនទទួលបានការជួយឧបត្ថម្ភទឹកច្រើនលើសលប់ ស្របពេលដែលប្រជាជនក្រីក្រជាច្រើនផ្សេងទៀតរកទឹកស្អាតប្រើប្រាស់ស្ទើតែគ្មាន។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស the Guardian ។

ទន្ទឹម​នឹង​នេះ​ អង្គការសហប្រជាជាតិ​ ក៏បានព្រមានថា បណ្តាប្រទេសជាច្រើនលើពិភពលោកមិនសូវឲ្យតម្លៃលើទឹកដែលជាធនធានដ៏សំខាន់ឡើយ ហើយឥរិយាបថនេះនាំឲ្យការខ្ជះខ្ជាយទឹកកើនឡើង ជាពិសេសបង្កើតវិសមភាពក្នុងការទទួលបានទឹកប្រើប្រាស់ចំពោះប្រជាជនក្រីក្រ។

របាយការណ៍ដដែល​ បានបន្តថា បើសិនជារដ្ឋាភិបាលនានាយកចិត្តទុកដាក់បានប្រសើរដើម្បីលើកកម្ពស់ការឲ្យតម្លៃធនធានទឹក បញ្ហានេះនឹងត្រូវគេមើលឃើញ និងអាចជំរុញឲ្យមានការបែងចែកធនធានដ៏ចាំបាច់បានត្រឹមត្រូវ និងមានសមភាពដល់ក្រុមប្រជាជនដែលត្រូវការពិតប្រាកដ។

ដោយឡែក​បេីតាមការ​លេីក​ឡេី​ងរបស់លោក Richard Connor ដែលជាអ្នកត្រួតពិនិត្យ និងរៀបចំរបាយការណ៍អភិវឌ្ឍទឹកពិភពលោកនេះ​ បានមានប្រសាសន៍ថា​ តម្លៃទឹកលក់ដូរជាធម្មតាមិនបានឆ្លុះបញ្ចាំងពីតម្លៃពិតនៃទឹកដែលជាធនធានដ៏ចំបាច់នេះទេ។ បន្ថែមពីនេះ​លោក Richard Connor បានសង្កត់ធ្ងន់ថា ដរាបណាពិភពលោកមិនឲ្យតម្លៃទឹកបានត្រឹមត្រូវទេ ការឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះមិនអាចកើតឡើងឡើយ។

អ្នកត្រួតពិនិត្យ និងរៀបចំរបាយការណ៍អភិវឌ្ឍទឹកពិភពលោករូបនេះ បន្តថា​ បច្ចុប្បន្ននេះបញ្ហាខ្ជះខ្ជាយទឹកកំពុងកើនឡើង ខណៈពេលដែលវិបត្តិប្រែប្រួលអាកាសធាតុក៏ដូចជាការកើនឡើងនៃចំនួនប្រជាជនក៏កំពុងដាក់សម្ពាធបន្ថែមលើធនធានទឹកនេះកាន់តែខ្លាំងទៀត។ អ្នកជំនាញរូបនេះ ជឿជាក់ថា មិនសូវមានមនុស្សច្រើនយកចិត្តទុកលើបញ្ហានេះទេ ដ្បិតរដ្ឋាភិបាលជាច្រើននៅបន្តអសមត្ថភាពក្នុងការផ្តល់តម្លៃធនធានទឹកឲ្យបានត្រឹមត្រូវ។

ទាក់ទិននឹងបញ្ហានេះដែរ​ នាយកផ្នែកគោលនយោបាយនិងការតស៊ូមតិនៃមូលនិធិ WaterAid អ្នកស្រី Virginia Newton-Lewis ក៏បានលើកឡើងពីសារសំខាន់នៃការឲ្យតម្លៃលើធនធានទឹកនាពេលបច្ចុប្បន្នដូចគ្នា ដោយប្រៀបប្រដូចលទ្ធភាពនៃការប្រើប្រាស់ទឹកទៅនឹងសិទ្ធិមនុស្សដូច្នេះដែរ។

ជាមួយគ្នានេះ​ លោកស្រី​ បានលើកឡើងយ៉ាងដូច្នេះថា៖ «ដូចសិទ្ធិមនុស្សដូច្នេះដែរ មនុស្សអ្នកមានសំណាងសមល្មមអាចមានសិទ្ធិក្នុងការប្រើប្រាស់ទឹកបានងាយស្រួល មិនសូវឲ្យតម្លៃលើទឹកដែលបានជួយផ្គត់ផ្គង់ឱ្យជីវិតគេមានសុខភាពល្អប្រសើរនោះទេ។ ស្ថានភាពដែលគ្មានទឹកស្អាតប្រើប្រាស់ពិតជាបំផ្លាញឱកាសសម្រាប់បង្កើតអនាគតមួយដ៏ប្រសើរសម្រាប់ខ្លួនឯង គ្រួសា និងសហគមន៍ផង»។

ដោយឡែក​បើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ​ បានបញ្ជាក់ថា កុមារម្នាក់ក្នុងចំណោមប្រាំនាក់ជុំវិញពិភពលោកមិនបានទទួលទឹកគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃឡើយ។​ ម្យ៉ាងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះទៀត មនុស្សប្រមាណ បីពាន់លាននាក់ជុំវិញពិភពលោកកំពុងជួបកង្វះសម្ភារប្រើប្រាស់ដើម្បីសម្អាតដៃឲ្យបានទៀងទាត់ ខណៈចំនួនប្រជាជនប្រហែលគ្នានេះក៏កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print