ខេត្តកណ្ដាលៈ អ្នកបញ្ជាគ្រឿងចក្រម្នាក់បានប្រទះឃើញគ្រាប់ប្រភេទទម្លាក់M១១៧មួយគ្រាប់កប់នៅក្នុងដីជម្រៅប្រមាណ៣ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានជីកយកអាចម៍ដីមួយកន្លែង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។
ក្រោយពីមានប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបានទំនាក់ទំនងទៅមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជាហៅកាត់ថា CMAC ចុះទៅយករក្សាទុកដើម្បីកុំឲ្យវាបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។
មន្រ្ដីជំនាញCMAC បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់នេះ គឺជាប្រភេទទម្លាក់M១១៧ ផលិតនៅសហរដ្ឋអាមេរិក មានទម្ងន់ ៧៥០ផោន ស្នើនឹងទម្ងន់ ៣៤៣គីឡូក្រាម និងមានមុខកាត់៤០៦សង់ទីម៉ែត្រ ប្រវែង១.៣១ម៉ែត្រ ។ គ្រាប់ទម្លាក់ខាងលើនេះវានៅសេសសល់តាំងពីសម័យសង្រ្គាមមកម្លេះ រហូតដល់បច្ចុប្បន្ននេះវានៅមានគុណភាពនៅឡើយ ។
ក្រោយពីជីកកកាយយកចេញពីក្នុងដីជម្រៅប្រមាណ៣ម៉ែត្ររួចមក មន្ត្រីជំនាញCMACបាននាំយកគ្រាប់មួយគ្រាប់នេះទៅរក្សាទុកនៅឃ្លាំងក្នុងខេត្ដកំពង់ឆ្នាំង ដើម្បីរងចាំកម្ទេចចោលនៅពេលក្រោយ ៕
ដោយ៖ ស្អាងជ័យ