កំពង់ឆ្នាំង ៖ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនិង កាបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទ លោក មាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូន នៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ បានចុះទៅធ្វើផ្សព្វច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋប្រមាណជា២០០ នៅក្នុងឃុំចក និងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
លោក មាស ឈុនលី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សបាត់បង់ជីវិតរបួសពិការព្រមទាំងការខាតបង់ទ្រព្យសម្បត្តិស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរារណ៍ឲ្យនៅកំរិតទាបំផុតនោះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០១៦ ក្នុងគោលដៅធានាឲ្យបាននូវសុវត្ថិភាពចរារចរណ៍ ដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណកាន់តែមានប្រសិទ្ធភាពនោះ ច្បាប់ចរារចរណ៍ថ្មីនេះបានបង្កើនកម្រិតផាកពិន័យចំពោះអ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាការមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់មើលក្រោយ ជិះរថយន្តពុំពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងកត្តាផ្សេងៗទៀតជាច្រើន ។
លោក មាស ឈុនលី បានលើកឡើងថា ដើម្បីធានាបាននូវការអនុវត្តច្បាប់ចរាចរណ៍នោះ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលជាស្ថាប័នជំនាញបានចុះបញ្ជ្រាបច្បាប់នេះដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឲ្យយល់ដឹងជាចំណេះដឹងទាំងអស់គ្នាក្នុងការរស់នៅប្រចាំថ្ងៃ ហើយចូលរូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
លោក មាស ឈុនលីបានបញ្ជាក់ទៀតថា នៅពេលខាងមុខនេះសមត្ថកិច្ចនគរបាលចរាចរណ៍នឹងរឹតបន្តឹង លើការអនុវត្តច្បាប់ចរាចរណ៍ ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកបើកបរ ថយន្ត និង អ្នកបើកបរគោយន្តកែច្នៃ ដែលពុំទាន់មានប័ណ្ណបើកនោះ ត្រូវទៅដាក់ពាក្យប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដើម្បីយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណនេះឲ្យនៅកម្រិតទាបបំផុត ៕
ដោយ៖ចន្ថា