ខេត្តកណ្ដាលៈ បុរសម្នាក់ទំនងដូចជាតូចចិត្ដនិងខ្លួនមានជម្ងឺប្រចាំកាយមើលមិនជា បានឡើងទៅចង.កនៅលើដើមព្រីងកម្ពស់ប្រមាណ៤ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។ សាកសពជនរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីលវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅលើដើមព្រីងមួយដើម លើខ្នងទំនប់បឹងត្នោតខាងកើត ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងកធ្វើអត្ដឃាត់មានឈ្មោះ តាន់ គុយឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិសិត្បួ ឃុំសិត្បូ ស្រុកស្អាង ។ ជនរងគ្រោះរូបនេះមានជម្ងឺជាច្រើនមុខប្រចាំកាយមើលមិនជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះដើរទៅខាងក្រោយផ្ទះតែពុំមាននណាចាប់អារម្មណ៍នោះទេ លុះមួយសន្ទុះក្រោយមកស្រាប់តែមានប្រជាពលរដ្ឋដើរមករកជនរងគ្រោះដើម្បីជួលធ្វើជាកម្មករ ។ ពេលមិនឃើញជនរងគ្រោះនៅផ្ទះអ្នកមកជួលបានដើរតាមរកនៅខាងក្រោយផ្ទះ រហូតបានប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមព្រីងទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដឹងដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យសាកសព ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកស្អាងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតសម្លាប់មែន មិនមានជាប់ពាក់ព័ន្ធអ្វីផ្សេងឡើយ ៕
ដោយ៖ស្អាងជ័យ