ឥណ្ឌា៖ មនុស្ស៦នាក់​ បានស្លាប់ក្នុងករណីអគ្គីភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺកូវីដ-១៩ នៅម៉ុមបៃ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមមន្រ្តីប្រចាំទីក្រុងម៉ុមបៃ​ បានបញ្ជាក់ថា​ មានករណីអគ្គីភ័យដែលបានឆាបឆេះផ្សារទំនើបមួយ ដែលត្រូវបានយកធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា​ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់០៦នាក់បានស្លាប់។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់សម្តី​មន្រ្តីប្រចាំទីក្រុងម៉ុមបៃ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ អ្នកជំងឺ COVID-19 ជាង ៧០នាក់ដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឯកជនជាន់ទី ៣ ត្រូវបានជម្លៀសចេញទៅកាន់មជ្ឈមណ្ឌលដទៃទៀត។

មន្រ្តីដដែលបន្តថា​ មូលហេតុដែលបានបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះបែបនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា តើអ្នកស្លាប់ខាងលើជាអ្នកជំងឺ COVID-19 ឬយ៉ាងណានោះទេ។

សូមជម្រាបថា​ ទីក្រុង Mumbai ដែលមានប្រជាជនរស់នៅច្រើនកកកុញ នៅតែកំពុងព្យាយាមពុះពារឆ្លងកាត់ ដំណាក់កាលដ៏អាក្រក់បំផុតនៃជំងឺឆ្លងរាតត្បាត COVID-19 ដែលកាលពីថ្ងៃព្រហស្បតិ៍ទី២៦​ ខែមីនា​ម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន៥,៥០០ករណីក្នុងមួយថ្ងៃ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺនេះនៅក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា​ ប្រការនេះហើយទើបកាលពីប៉ុន្មានថ្ងៃមុននេះ ដែល​ឥណ្ឌាបានសម្រេចផ្អាក ការផ្គត់ផ្គង់វ៉ាក់សាំងទៅដល់កម្មវិធី ខូវ៉ាកស៍(COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដោយសារតែតម្រូវការក្នុងស្រុក កំពុងកើនឡើងយ៉ាងគំហុក៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print