ខេត្តប៉ៃលិន៖ ដោយគោរពអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតាមវត្តអារាមក្នុងខេត្តប៉ៃលិន បានចូលរួមវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩។
ជាក់ស្តែង ចាប់តាំងពីវេលាម៉ោង៥ៈ០០ នាទីព្រឹក វត្តអារាមទូទាំងខេត្តប៉ៃលិន បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្តដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ។
ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគណខេត្តប៉ៃលិន បានមានថេរដីកាថា៖ ការអនុវត្តសកម្មភាពខាងលើធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈឲ្យបាន៥ដងក្នុងមួយថ្ងៃ។
ព្រះគ្រូរតនមុនី អៀ សុផន បានបញ្ជាក់ថា «ចាប់តាំងពីវេលាម៉ោង ៥ៈ០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក គ្រប់វត្តអារាមនៅទូទាំងខេត្តប៉ៃលិនបានធ្វើឡើងយ៉ាងផុសផុល ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខ និងទូងស្គរផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍»។
ព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកាយខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រា បានរំពឹងថា ការវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្តដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈនាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រិតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ការណែនាំនេះ ត្រូវបានបញ្ជាក់តាមរយៈសារាចរណែនាំមួយ របស់លោក ឈិត សុខុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយក្នុងសារាចរណែនាំនេះ បញ្ជាក់ទៀតថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋគោរពវិធានការ៣កុំ ៣ការពារ និងបងប្អូនត្រូវតែប្រុងប្រយ័ត្ននិងទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់,លាងដៃនិឹងសាប៊ូ អាល់កុលជាប្រចាំ៕
ដោយ៖ ស សារ៉េត