ខេត្តស្វាយរៀង៖ ក្រោយព្យាបាលជំងឺ
កូវីដ-១៩ជិតរយៈពេលមួយខែ ស្ត្រីជនជាតិវៀតណាម២នាក់ដែលបានព្យាបាលជាសះស្បេីយពីជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញហើយតាមច្រកអន្តរជាតិបាវិតនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ) បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ីម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម។
ដោយសារមានឯកសារមិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែននិងបានឲ្យត្រឡប់មកក្រោយវិញ។
ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្លួនស្របតាមវិធានការសុខាភិបាល ព្រមទាំងបានយកសំណាកទៅធ្វើតេស្តលើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ស្ត្រីទាំងពីរនាក់ខាងលើមានវិជ្ជមានជំងឺកូវីដ-១៩៕
ដោយ៖ យឹម សុថាន