ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford និងខ្សែបម្រើស្លាប Bukayo Saka របស់ក្រុម Arsenal ត្រូវបានដកចេញពីបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតជម្រុះ World Cup ដែលនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាល់បានី និងប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ។
កីឡាករទាំង២បានខកខានការទទួលជ័យជម្នះ ៥-០ កាលពីថ្ងៃព្រហស្បតិ៍ជាមួយក្រុម San Marino នៅឯកីឡដ្ឋាន Wembley ។
Rashford មានវ័យ២៣ឆ្នាំមានឈ្មោះចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate បើទោះបីជាគាត់មានបញ្ហារបួសជើង ហើយនឹងវិលត្រឡប់ទៅកាន់ Manchester United ក្រោយពីការវាយតំលៃបន្ថែម។ ចំណែក Bukayo Saka មានវ័យ១៩ឆ្នាំមិនមានឈ្មោះលេងដែរ ដោយសារតែរបួសសរសៃពួរ។
អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោក Southgate សង្ឃឹមថាអ្នកទាំង២នឹងមានសមត្ថភាពចូលរួម ប៉ុន្តែបានសំរេចថាពួកគេនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតអន្តរជាតិនេះទេដោយសារបញ្ហារបួសមិនទាន់ជា១០០ភាគរយ ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសធ្វើដំណើរទៅកាន់កីឡដ្ឋានTirana ដើម្បីប្រកួតជាមួយក្រុមអាល់បានីក្នុងវគ្គជម្រុះពូល I នៅថ្ងៃអាទិត្យវេលាម៉ោង១១យប់ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមប៉ូឡូញនៅកីឡដ្ឋាន Wembley ថ្ងៃទី១ ខែមេសា វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕
ដោយ ៖ ភារៈ