កូរ៉េខាងត្បូង៖​ ក្រោយពិនិត្យឃើញវ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព និងសុវត្ថិភាព​ ខ្លួន​នឹងអនុម័តឲ្យប្រើវ៉ាក់សាំងនេះ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ ក្រុមប្រឹក្សាត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃនិយ័តករឱសថកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានអះអាងថា៖ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson មានទាំងសុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះ​ប្រការនេះដែរ​ នឹងជំរុញឲ្យអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើវ៉ាក់សាំង «ចាក់តែមួយដូសប៉ុណ្ណោះ» ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា ចំនួនពីរលើកទៀតក្នុងពេលឆាប់ៗ។

ជាក់ស្ដែង​ប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson ជាផ្លូវការនោះ​ វានឹងក្លាយជាវ៉ាក់សាំងទី ៣ហើយ ដែលកូរ៉េខាងត្បូងអនុម័តឲ្យប្រើ។ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់ Pifizer-BioNTech។ ចំណែក​សាធារណជន​វិញ​ បានមើលឃើញថា ការអនុម័តឲ្យប្រើវ៉ាក់សាំង Johnson & Johnson នឹងផ្តល់ភាពងាយស្រួលជាងមុនដល់អាជ្ញាធរ និងប្រជាជនកូរ៉េខាងត្បូង ព្រោះតែវានឹងតម្រូវឲ្យចាក់តែ ១ដូសប៉ុណ្ណោះ មិនមែនពីរដូសដូចវ៉ាក់សាំងដទៃឡើយ។

ដោយឡែក​កូរ៉េខាងត្បូង​ គិតត្រឹមដើមសប្តាហ៍នេះបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនអស់ជិត ៨០០,០០០ដូសហើយ ខណៈប្រជាជនសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះមានជាង ៥១លាននាក់។ ខណៈ​ប្រទេសមួយនេះ​​ មានករណីឆ្លង COVID-19 សរុប ១០២,១៤១ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧២៦នាក់ និងជាសះស្បើយឡើងវិញ ៩៤,១៤២នាក់

គួរបញ្ជាក់ថា កូរ៉េខាងត្បូង​ នៅមុនការអនុម័តជាផ្លូវការ​ ក៏បានសម្រេចកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំង Johnson & Johnson ចំនួន ០៦លានដូសរួចទៅហើយ ពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ ហើយវានឹងត្រូវចាប់ផ្តើមបញ្ជូន មកកាន់កូរ៉េខាងត្បូងចាប់ពីត្រីមាសទី ២ នៃឆ្នាំ២០២១៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print