មន្ត្រីជំនាញខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរស្រុក ចុះត្រួតពិនិត្យគុណភាពទំនិញ អាហារវេចខ្ចប់នៅស្រុកអូររាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២១ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី (ក.ប.ប)សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុកអូររាំង ប៉ូលីសសេដ្ឋកិច្ច បានចុះពិនិត្យគុណភាព សុវត្ថិភាព ផលិតផល គ្រឿងកំប៉ុង បន្លែ និងទំនិញផ្សេងៗ ។ ការចុះពិនិត្យគុណភាពទំនិញ អាហារវិចខ្ចប់ គ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅតាមផ្ទះលក់ចាប់ហួយនិងហាងលក់ទំនិញមួយចំនួន នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

មន្ត្រីជំនាញខាងលើ មានប្រសាសន៍ថា ក្រុមការងារជំនាញរបស់លោក បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និង ធ្វើណែនាំដល់អាជីវករទូទាំងខេត្តមណ្ឌលគិរី មិនថាទីប្រជុំជនឬទីជនបទឡើយ ក្នុងគោលបំណងធានាឲ្យបាននូវការចែកចាយនូវទំនិញដែលមានគុណភាពល្អ មានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំស្លាកសញ្ញាផលិតផល ឬផលិតផលក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់អាជីវករនិង សុខភាពអ្នកប្រើប្រាស់ ។ ចំពោះទំនិញដែលក្លែងបន្លំស្លាកសញ្ញា ឬផលិតផលក្លែងក្លាយ ទំនិញហួសសុពលភាព អាហារកំប៉ុងដែលខូចទ្រង់ទ្រាយដើម ដែលមានលក់នៅលើទីផ្សារនឹងត្រូវដកហូតយកទៅដុតបំផ្លាញចោល ។

នៅក្នុងប្រតិបត្តិការចុះពិនិត្យគុណភាពទំនិញនាពេលនេះ
ក្រុមមន្ត្រីជំនាញបានរកឃើញ ភេសជ្ជៈកំប៉ុងក្លែងក្លាយមួយចំនួន ទឹកដោះគោស្រស់ ទឹកដោះគោជូរ មីកញ្ចប់ នំកញ្ចប់ហួសសុពលភាព និង ចាហួយកំប៉ុងវេចខ្ចប់មានអនាម័យ គ្មានកាលបរិច្ឆេទ គ្មានស្លាកសញ្ញាត្រឹមត្រូវ មួយចំនួន ។ ទំនិញខូចគុណភាពទាំងនេះ ត្រូវបានមន្ត្រីជំនាញណែនាំឲ្យអាជីវករ យកដុតកម្ទេចចោលដោយខ្លួនឯង និងមិនត្រូវយកទំនិញខូចគុណភាពមកលក់នៅលើទីផ្សារឡើយ ។ ក្រុមមន្ត្រីជំនាញ ក៏បានណែនាំអាជីវករ ពីរបៀបមើលទំនិញដែលមានគុណភាព មើលសុពលភាពទំនិញ នឹងត្រូវរៀបចំទំនិញអោយមានសណ្ដាប់ធ្នាប់ មានរបៀប ទុកដាក់កុំឲ្យត្រូវពន្លឺថ្ងៃ ត្រូវបោសជូតសម្អាតជាប្រចាំដើម្បីឱ្យទំនិញមានសោភ័ណភាពទាក់ទាញដល់អតិថិជន ហើយត្រូវដាក់ឲ្យឆ្ងាយពីប្រេងឥន្ធនៈផងដែរ ។

ក្នុងឱកាសចុះពិនិត្យគុណភាពទំនិញនោះដែរ ក្រុមមន្ត្រីជំនាញ ក៏បានផ្ដាំផ្ញើនិងណែនាំដល់អាជីវករ និង អតិថិជនទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវលក់និងទិញផលិតផលណាដែលមានគុណភាព នឹងត្រូវការពារខ្លួនពីជំងឺកូវីដ១៩ ដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន យើងគ្រួសារយើង សង្គមយើង ពីការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print