បែកធ្លាយរឿង ! លោក តែ គឹមឡុង និងបក្សពួក ជាឈ្មួញរកស៊ីនាំជ្រូកចូលពីប្រទេសថៃខុសច្បាប់គ្មានការត្រួតពិនិត្យសុខភាពសត្វ និងបង់ពន្ធត្រឹមត្រូវឡើយ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក តែ គឹមឡុង ដែលគេស្គាល់ថា ជាឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេសថៃជារៀងរាល់ថ្ងៃតាមច្រកអូរបីជាន់ និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើ់ននាំជ្រូកចូលដោយខុសច្បាប់ដោយពុំមានលិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យសុខភាពសត្វ និង ពុំមានលិខិតបញ្ជាក់សុខភាពសត្វ ដែលអាចជាការនាំមកនូវសត្វជ្រូកផ្ទុកជំងឺ បង្កហានិភ័យដល់ការចិញ្ចឹមជ្រូកក្នុងស្រុកទាំងមូល និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទទួលទានសាច់ជ្រូក។ បញ្ហានេះមេពេទ្យសត្វខេត្តបន្ទាយមានជ័យ អាចបន្តឹងផងបានទេ ជៀសវាងគេស្តីបន្ទោសថា(កន្ទេលធំបន្លំដេក)។

សូមរំឮកថា, មិនត្រឹមតែ លោក តែ គឹមឡុង និងបក្សពួក នាំជ្រូកចូលពីស្រុកថៃខុសច្បាប់ប៉ុណ្ណោះទេ ពួកគាត់មានល្បិចដើម្បីមុខរបររបស់ខ្លួនមិនស្របច្បាប់ តាមរយៈបានកៀរគរប្រជាពលរដ្ឋ ដែលជាអ្នកទិញជ្រូកពីក្រុមខ្លួន និងអ្នកភូមិផ្សេងៗទៀតឱ្យនាំគ្នាមកតវ៉ានៅសាលាឃុំអូរបីជាន់ ដើម្បីតវ៉ាចំពោះចំណាត់ការរបស់សមត្ថកិច្ចជំនាញ គ្រប់ជាន់ថ្នាក់ ដែលតែងតែធ្វើសកម្មភាពទប់ស្កាត់ និងឃាត់ការនាំជ្រូកចូលដោយខុសច្បាប់ទាំងនោះ។ គឺយកប្រជាពលរដ្ឋធ្វើជាខែល បង្ហាញពីទិដ្ឋភាពសង្គម ថាជ្រូកទាំងនោះយកមកតម្រូវការប្រជាពលរដ្ឋ ! ។
យោងតាមលិខិតសុំអន្តរាគមន៍របស់ឈ្មោះ តែ គឹមឡុង និងបក្សពួកទៅកាន់រដ្ឋបាលឃុំអូរបីជាន់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានទទួលស្គាល់ថាពួកខ្លួនបានធ្វើការនាំចូលជ្រូកខុសច្បាប់ទាំងនោះ ហើយសុំឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាខុសច្បាប់របស់ខ្លួន និងបក្សពួក ឱ្យបានធ្វើការនាំចូលដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត។
ពាក់ព័ន្ធករណីនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានឱ្យដឹងថា, រឿងអាជីវករតវ៉ាជាសិទ្ធរបស់គាត់ តែខាងជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតែបន្តអនុវត្តនីតិវិធីច្បាប់និងបច្ចេកទេសទប់ស្កាត់ការឆ្លងជំងឺប៉េស្តអាហ្វ្រិកព្រោះថា បើមានការផ្ទុះនូវជំងឺប៉េស្តអាហ្វ្រិកកើតឡើង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ដូចនេះមិនថាការនាំចូលលក្ខណៈគ្រួសារ ឬពាណិជ្ជកម្មទេ ត្រូវតែត្រួកពិនិត្យយកសំណាកទៅពិនិត្យឱ្យត្រឹមត្រូវដើម្បីសុខុមាលភាពអ្នកទទួលទាន។
លោកបន្តថា , កន្លងមកសមត្ថកិច្ចបានអនុវត្តច្បាប់ដោយចាប់យកជ្រូកដែលលួចនាំចូលមកពិនិត្យឃើញថា មានជំងឺប៉េស្តអាហ្រ្វិចផងដែរ ដោយលោកប្រតិភូរាជរដ្ឋាភិបាលទទួលការងារជំនាញបានចុះមកដុតកម្ទេចចោល នៅនឹងកន្លែងផងដែរ។
យោងតាមច្បាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួនពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល ចំពោះបុគ្គលណាដែលនាំចូលដោយចេតនានូវសត្វ ឬផលិតផលសត្វដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ មកក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, បើអាជ្ញាធរ ជំនាញបន្ធូរដៃអោយបុគ្គលខាងលើ នាំជ្រូកចូលពីស្រុកថៃតាមច្រករបៀង ដោយខុសច្បាប់ និងមិនបានពិនិត្យពីសុខភាពសត្វ ជាហានិភ័យខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ អាចប្រឈមនិងបញ្ហាសុខភាព ប្រសិនបើជ្រូកមានជំងឺ ។
ពាក់ព័ន្ធករណីនេះអង្គភាព “នគរដ្រេហ្គន”មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក តែ គឹមឡុង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែល្បីពេញខេត្តបន្ទាយមានជ័យ ថាគាត់ជើងខ្លាំងនាំជ្រូកពីថៃចូលដោយអត់ច្បាប់យូរហើយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print