ភ្នំពេញ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្កានិងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការនិងការណែនាំជាច្រើន ជាមួយនិងការឧបត្ថមជាឧបករណ៍ សម្ភារៈ ស្បៀងអាហារនិងថវិកាផងដែរ ដើម្បីឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺនេះអោយបានល្អប្រសើរ ពិសេសបញ្ចប់អោយបានលឿននៅ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានអោយដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ នៅថ្ងៃនេះលោក បានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគនិងថវិកាមួយចំនួនជូនដល់១៤ខណ្ឌ ដោយក្នុង១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកាចំនួន ១០លានរៀលផងដែរ ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ។
សូមបញ្ជាក់ថា កន្លងមកនេះ លោក ឃួង ស្រេង តែងបានប្រគល់ម៉ាស់ អាល់កុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការ ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តឲ្យបានវិធានការ៣កុំនឹង៣ការពារ៕
សំរិត