ខេត្តតាកែវ៖ នៅព្រឹកថ្ងៃ អង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាលជាច្រើននាក់ បានបន្តចុះទៅយកសំណាកមនុស្សជាង ៣០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងផូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ។ បន្ទាប់ពីក្រុមគ្រូពេទ្យ បានធ្វើតេស្តលើកទី៣ ទៅលេីបុរសជាចុងភៅម្នាក់នៅក្នុងពិធីមង្គលការនោះ រកឃើញវិជ្ជមានជំងឺកូវីដ១៩។
បេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៉ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងនៅថ្ងៃទី៣០ មីនានេះថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣រយនាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ។
ចំណែកអភិបាលស្រុកសំរោង លោក កេត ម៉ៅ ក៏បានថ្លែងឲ្យដឹងដែរថា សម្រាប់ស្រុកសំរោងមានមនុស្សដែលពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិក្រាំងលាវចំនួនជិត ២០០នាក់ ត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី៤ ដោយឡែកភូមិចំនួន២ ដែលត្រូវអាជ្ញាធប្រកាសបិទ ត្រូវបានបើកឡើងវិញហើយកាលពីម្សិលមិញ ក៏ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធបានធ្វើការណែនាំអោយបងប្អូន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបន្តធ្វើចត្តាឡីស័កបន្តទៅទៀតផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃដដែលអភិបាលស្រុកបាទី លោក ភួន ឈីម បានលើកឡើងផងដែរថា នៅក្នុងស្រុកបាទីមនុស្សចំនួន៣៦នាក់ ដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការក្នុងស្រុកសំរោង ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដលើកទី៤។
គួរបញ្ជាក់ថា ចំពោះការចុះយកសំណាកលើកទី៤នេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ដោយ៖សហការី