ភ្នំពេញ, លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា, កូវីដ-១៩ ប្រែរូបថ្មី ឆ្លងលឿនណាស់ ហើយវាយកំទេចផ្លូវដង្ហើមស៊ីសួតសម្លាប់មនុស្សក្នុងរយៈពេលខ្លីបំផុត! យើងបានឃើញអ្នកជំងឺស្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់ថ្មីៗកន្លងមកនេះ។
លោកផ្តល់ជាគំនិតថា, ជម្រើសគឺយើង!
⛔️បើមិនចាំបាច់ទេ កុំចេញក្រៅផ្ទះ!
⛔️បើមិនចាំបាច់ទេ កុំនាំគេចូលផ្ទះ!
⛔️កុំប្រថុយ បើគ្រោះថ្នាក់យើងម្នាក់ គឺគ្រោះថ្នាក់គ្រួសារទាំងមូល!
លោកថ្លែងបន្តថា, ថ្មីៗនេះមានក្រុមជនខិលខូចមួយចំនួនមានចេតនាអាកក្រក់បំពុលសង្គម បានខិតខំបំផុសផ្សាយព័ត៌មានមិនពិត ដើម្បីកុំអោយពលរដ្ឋទៅចាក់ថ្នាំការពារកូវីដ-១៩។ ជនអគតិទាំងនេះ គឺកំពុងបំផ្លាញអាយុជីវិតពលរដ្ឋដោយចេតនាពិតប្រាកដសាហាវជាងជំងឺកូវីដ-១៩ ទៅទៀត! ដូច្នេះសូមកុំជឿតាមការឃោសនាបំពុលព័ត៌មានមិនពិតទាំងនោះ។
ខ្ញុំសូមបញ្ជាក់អះអាងសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជ្រាបថា ខ្ញុំមានទំនុកចិត្តខ្លាំងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូហ្វាម (Sinopham) ដែលជាវ៉ាក់សាំងជំនួយមិត្តចិនកន្លងមកនេះ។ ខ្ញុំបានចាក់វ៉ាក់សាំង Sinopham បានគ្រប់២លើករួចមកហើយ (ថ្ងៃទី ១០ កុម្ភះ និង ថ្ងៃទី ២៦ កុម្ភះ ២០២១)។
សុខភាពខ្ញុំល្អធម្មតា ហើយខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ចំពោះប្រព័ន្ធការពារជំងឺឆ្លងកូវីដ-១៩ដ៏រឹងមាំដែលកំពុងដំណើរការនៅក្នុងសរីរាង្គរបស់ខ្ញុំ។
សូមបងប្អូនមានទំនុកចិត្តលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំការពារអាយុជីវិតយើងទាំងអស់គ្នាអោយរួចផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។ យើងរូតរះចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ការពារអាយុជីវិតនៅថ្ងៃនេះអោយបានគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ យើងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន (៣ការពារ -៣កុំ ) ដែលជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សិលា