បុគ្គលិកទូតទាំងអស់ដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា​ភ្លាម​;​ នេះបើ​តាមការបញ្ជាក់ពី​ក្រសួងការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រសួងការបរទេសអាមេរិក បានបង្គាប់ឲ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈមានការព្រួយបារម្ភថា ស្ថានការណ៍បច្ចុប្បន្នអាចនឹងរុញច្រាន ឲ្យ​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។

ក្រសួងការបរទេសអាមេរិក កាលពីពាក់កណ្ដាលខែមីនា​ ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ អាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារទី៣០​ ខែមីនា​ម្សិលមិញនេះ​ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាពលើការសម្រេចចិត្តនេះ ដោយប្ដូរវាទៅជាបទបញ្ជាវិញ។

ទន្ទឹម​នឹង​នោះ​ ក្រសួងការបរទេសអាមេរិក​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ «ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្ត បង្គាប់ឱ្យបុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ ចាកចេញពីភូមា (មីយ៉ាន់ម៉ា) ដោយសារតែបញ្ហាសុវត្ថិភាព និងសន្តិសុខនៃបុគ្គលិករដ្ឋាភិបាលអាមេរិក និងអ្នកដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ពួកគេ»។

សូមជម្រាបថា គិតចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក បាតុករកើនលើស ៥២០នាក់ហើយ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់។

គួរបញ្ជាក់ថា​ ទោះជាការស្លាប់កាន់តែកើនឡើងក៏ដោយ ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម តវ៉ាប្រឆាំងរបបយោធាដដែល ស្របពេលកងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិចមួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា​ បានសន្យាថា នឹងការពារជនស៊ីវិលពីការសម្លាប់របស់យោធា ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភ ចំពោះជម្លោះប្រដាប់អាវុធ ឬសង្រ្គាមស៊ីវិលដែលអាចនឹងផ្ទុះឡើង៕ដោយ​៖ស​ តារា​

ក្រុមប៉ូលីសមីយ៉ាន់ម៉ា​ ចាប់​ខ្លួន​ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា​

រូបភាព​៖ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print