ភ្នំពេញ, បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយក
កម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។ ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។
ប៉ុន្តែក្រោយពីទឹកប្រាក់នៅក្នុងគណនីត្រូវបានជនខិលខូចលួចយកអស់នោះ លោក Phillipe ទើបបានដឹងថាកម្មវិធីដែលលោកបានទាញយកមកប្រើ គឺជាកម្មវិធីក្លែងក្លាយដែលក្រុមជនខិលខូចបង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។ ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូងក្រុមជនខិលខូចបានបន្លំថាកម្មវិធីនេះគឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូចក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធីឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រងកាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។
ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថាតើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕
ដោយ, សុខ ខេមរា