ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីជាភរិយា, លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត។ ជាមួយគ្នានេះក៏មានការចាក់ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ស្ថិតនៅសាលប្រជុំធំអគារ”ឃ” សាលាខេត្តស្វាយរៀងផងដែរ។
ជាមួយគ្នានេះ មន្ត្រីរាជការក្នុងខេត្តបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការនៅក្នុងខេត្តក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូរ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាក្រុង-ស្រុកទាំង៨ក្នុងខេត្តស្វាយរៀងទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុង-ស្រុក បានបែងចែកក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕
ដោយ៖ យឹម សុថាន