បទពិសោធន៍របស់កសិករ ប៉ាន់ គឹមហ៊ាន ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ

ចែករំលែក៖

ភ្នំពេញ, លើ facebook ផ្លូវការ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានលើកយកពី បទពិសោធន៍របស់កសិករ ប៉ាន់ គឹមហ៊ាន ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ។

លោកបានបញ្ជាក់ថា, តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា បានសង្ខេបប្រវត្តិរបស់គាត់ជូនជ្រាបថា៖ ដើមឡើយ កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន (លេខទំនាក់ ទំនង ០៨១ ៨៥៧ ៦៩៨) បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ កសិកររូបនេះកន្លងមកបានប្រកបរបរធ្វើស្រែ ចំការ និងចិញ្ចឹមមេមាន់ ៥០ក្បាល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ របរកសិកម្មទាំងអស់នេះ មិនបានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនដូចដែលគាត់ប៉ងប្រាថ្នាឡើយ ទើបនៅខែកញ្ញា ឆ្នាំ២០២០ កសិកររូបនេះ ត្រូវបានជ្រើសរើសដោយអង្គការពន្លឺកុមារ ធ្វើជាសមាជិកក្នុងគម្រោងស្តីពី “ចង្វាក់ផលិតកម្មមាន់ស្រុក” ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងបានធ្វើការបណ្តុះបណ្តាលសមាជិកអំពីបច្ចេកទេសចិញ្ចឹមមាន់ ភ្ញាស់ស៊ុតមាន់ សកម្មភាពទីផ្សារមាន់ ស្រុក និងភ្ជាប់ផលិតផលមាន់ទៅនឹងទីផ្សារ។ល។

ក្រោយពីទទួលបានចំណេះដឹងបច្ចេកទេសពីវគ្គបណ្តុះបណ្តាល រួមផ្សំជាមួយបទពិសោធន៍ដែលកសិករ រូបនេះធ្លាប់បានអនុវត្តផ្ទាល់ផង គម្រោងបានសម្រេចជ្រើសរើសយកគាត់ធ្វើជាអ្នកបង្ហាញ ឬគ្រូបង្រៀនបច្ចេកទេសអំពីការចិញ្ចឹមមាន់ ការភ្ញាស់ស៊ុតមាន់ ដល់សមាជិកផ្សេងៗទៀតក្នុងគម្រោង។ យល់ឃើញពីគុណសម្បត្តិរបស់គាត់ គម្រោងបានជួយឧបត្ថម្ភគាត់បន្ថែមនូវទូភ្ញាស់ស្វ័យប្រវត្តិមួយ មេ-បាមាន់ ៧០ក្បាល និងទ្រុងមាន់ទំហំ ៥x១៦ម៉។ ដូចសុភាសិតខាងលើ ចំណេះដឹង បទពិសោធន៍ រួមជាមួយការគាំទ្រ ធ្វើឲ្យអាជីវកម្មចិញ្ចឹមមាន់របស់គាត់មានការរីក ចម្រើនឥតឈប់ឈរ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨ ៤០០ ០០០រៀល ពីការលក់មាន់សាច់។ បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ ១៧០ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀត ទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ដោយសារចំណូលនេះ ធ្វើឲ្យជីវភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុសត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង “ប្រទេសមានសុខសន្តិភាព គ្រួសារមានសុភមង្គល” នេះគឺជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល។

នាពេលបច្ចុប្បន្ន លោក ប៉ាន់ គីមហ៊ាន បានក្លាយជាកសិករគំរូ និងគ្រូបង្គោល ដែលមានចំណេះដឹងបច្ចេកទេសភ្ញាស់ស៊ុតមាន់ និងចិញ្ចឹមមាន់ច្បាស់លាស់ និងចេះធ្វើទំនាក់ទំនងទីផ្សារ ក្លាយទៅជាកសិ-ពាណិជ្ជករ ហើយពិតណាស់នេះគឺជាក្តីប្រាថ្នារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩- ២០២៣ ដោយផ្តើមចេញពីកសិករ សមាគមន៍ ឬសហគម តាមរយ:ការកសាងសមត្ថភាពលើការអនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ធានាបានសន្តិសុខស្បៀង ឱកាសការងារ ប្រាក់ចំណូលគ្រួសារ និងការប្រកួតប្រជែង ផ្តោតជាសំខាន់លើគុណភាព និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេសនាពេលអនាគត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print