ខេត្តស្វាយរៀង: បុរសម្នាក់ទំនងមានវិបត្តិគ្រួសារផឹកស្រាស្រវឹងរាល់ថ្ងៃរហូតដល់មានជំងឺសរសៃប្រសាទហើយគិតខ្លីបានព្យាយាមរត់ចូលរថយន្តជាច្រើនលើក ប៉ុន្តែត្រូវអ្នកភូមិជួយទាន់ពេល ប៉ុន្តែលើកនេះគេរត់ចូលម្ដងទៀតក៏ត្រូវរថយន្តបុកស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី០១ខែមេសាឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១១១និង១១២ ស្ថិតក្នុងភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ
តន់ ជុង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានដើរតាមដងផ្លូវតែម្នាក់ឯងខណៈគេស្គាល់គ្រប់គ្នាថាគាត់ជាមនុស្សសរសៃប្រសាទបន្ទាប់ពីប៉ុន្មានថ្ងៃមុនផឹកស្រាស្រវឹងហើយមានបំណងរត់ចូលរថយន្តដែរ ប៉ុន្តែត្រូវបានអ្នកភូមិនិងអ្នកធ្វើដំណើរជួយធ្វើអន្តរាគមន៍ឃាត់ទាន់ពេល។
ប្រភពបន្តថា នៅលើកនេះស្រាប់តែបុរសនេះដើរឆ្លងផ្លូវមិនមានអ្នកឃើញក៏ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកបរមកពីទិសខាងកើតទៅទិសខាងលិចបុកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងហេតុតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
យឹម សុថាន