រដ្ឋបាលរាជធានីភ្នំពេញ ៖ មិនមានការបិទផ្សារដើមគនោះទេ, ការផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានី១៤ថ្ងៃមិនប៉ះពាល់ដល់ការបែងចែកបន្លែ ផ្លែឈើនៅផ្សារដើមគទេ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឆ្លើយតបនឹងមតិសាធារណជនមួយចំនួនថា ផ្សារដើមគគឺជាផ្សារផ្គត់ផ្គង់បន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើនៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ 

   ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យផ្អាកការចរាចររួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍នោះ សម្រាប់ទីផ្សារដើមគមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូច ធម្មតា ដោយគណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារនិងកាតសម្គាល់ខ្លួនជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ ទាំងនេះ ដើម្បីឲ្យពួកគាត់មានសិទ្ធិអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ដោយមិនមានការឃាឃាំងនិងពិន័យពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

    លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ខែមេសានេះថា៖ ចំពោះផ្សារដើមគគឺមិនមានការបិទការលក់ដូរ ឬបិទការផ្គត់ផ្គង់បន្លែ ផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារបាននិងកំពុងរៀបចំធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឲ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ឃាំងពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ។

   សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានានៅភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ហើយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយអ្នកដែលបន្ដធ្វើដំ ណើរដោយមិនចាំបាច់ បំពាននឹងបំរាមដែលបានដាក់ចេញចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

   សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕ ដោយ៖ សំរិត

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print