គ្រួសារបរិស្ថាន ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះនៅឃុំក្រង់តេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះជួយឃុំក្រង់តេះ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគ្រួសារបរិស្ថាន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះលំនៅឋានអស់គ្មានសល់ និងបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីសម្រាលការលំបាក។

លោក សុទ្ធ ថើត ជំទប់ទី១ឃុំក្រង់តេះបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អគ្គិភ័យបានឆាបឆេះលំនៅឋានទំហំ ៦ គុណ ៧ម៉ែត្រ របស់ប្រជាពលរដ្ឋឈ្មោះ ទ្វេន ទិត្យ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះផ្យយ វី អាយុ៣៥ឆ្នាំ ជាជនជាតិដើមភាគតិច រស់នៅភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះខូចខាតសម្ភារៈប្រើប្រាស់, ស្រូវចំនួន៦០បាវ និងរបស់របរផ្សេងៗទៀតអស់ទាំងស្រុង។

ក្នុងពេលសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ លោក កែវ សុភគ៌ បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុមួយនេះ ហើយក៏បានជួយសម្រាលការលំបាកតាមរយៈការផ្ដល់ជាថវិកាមួយចំនួន រួមទាំងអង្ករ និងគ្រឿងឧបភោគបរិភោគសម្រាប់ដោះស្រាយការលំបាកមួយគ្រា។ បន្ថែមពីលើនេះ លោកប្រធានក្រុមការងារចុះជួយឃុំក្រង់តេះ បានដាស់តើនក្រើនរម្លឹកដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះរដូវក្ដៅដែលអាចបង្កជាភ្លើងឆាបឆេះ ហើយជាពិសេសក៏មិនត្រូវភ្លេចការពារពីការឆ្លងជំងឺកូវីត១៩ផងដែរ។

ជាចុងក្រោយក្រុមការងារ ក៏បានផ្ដល់ម៉ាស់ និងទឹកសម្អាតដៃដល់ប្រជាពលរដ្ឋរងគ្រោះ, រដ្ឋបាលឃុំក្រង់តេះ និងប៉ុស្តិ៍នគរបាលឃុំក្រង់តេះ សម្រាប់ប្រើប្រាស់ក្នុងការការពារពីការឆ្លងជំងឺកូវីដ-១៩ផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print