ភ្នំពេញ , នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមនិងលោកអគ្គនាយកកិច្ចការរដ្ឋបាល ដែលជាប្រធានអនុគណៈកម្មការប្រចាំក្រសួង បានទៅពិនិត្យផ្ទាល់អំពីទីតាំងនិងឧបករណ៍សម្ភារៈទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងការកែលម្អ ដែលមានបន្តិចបន្តួចដូចជា ៖ ផ្ទាំងប៉ាណូ វាំងនន និងពិសេសអាហារសម្រន់ពេលចាក់វ៉ាក់សាំងឲ្យមន្រ្តីរាជការរួចនៅបន្ទប់រងចាំ ។ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី ០៦ ដល់ថៃ្ងទី ០៩ ខែមេសានេះ។
សូមជម្រាបជូនថា, សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូម អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕
ដោយ, សុខ ខេមរា