ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង២នាក់និងម៉ូតូ២គ្រឿងត្រូវបាននគរបាលចរាចរក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួននិងម៉ូតូហើយចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការព្រមានបន្ទាប់ក្មេងទំនើងទាំង២នាក់នោះជិះម៉ូតូកែច្នៃបំពង់ស៊ីុម៉ាំុងលាន់សម្លេងខ្លាំងៗបង្កឱ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ការទទួលទាន ដំណេករបស់ ប្រជាពលរដ្ឋ។
ការឃាត់ក្មេងទំនើងទាំង២នាក់នោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅលើ ផ្លូវសាធារណៈក្នុងក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយលោក អនុសេនីយ៍ឯក សៅ សារឿន នាយផ្នែកនគរបាលសណ្តាប់ ចរាចរណ៍នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ខណៈដែល កម្លាំងនគរបាលចរាចរក្រុង ប៉ោយប៉ែតបានចុះ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប៉ោយប៉ែតនោះ។
លោកអនុសេនីយ៍ឯក សៅ សារឿន នាយផ្នែកនគរបាល សណ្តាប់ចរាចរណ៍នៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថាការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នោះផ្អែកទៅលើពួកគេជិះម៉ូតូកែច្នៃបំពង់ស៊ីុម៉ាំុងខុសលក្ខណៈដើម ដែលជាការអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់ក្មេងទំនើងជិះម៉ូតូកែច្នៃបំពង់ស៊ីុមាំុងខុសលក្ខណៈដើម។ការកែច្នៃបំពង់ស៊ីុមាំុងម៉ូតូខុសបច្ចេកទេសពីសំណាក់ក្រុមក្មេងទំនើងបានបង្កលាន់ឮសម្លេងខ្លាំងៗធ្វើឱ្យមានកើតក្តីក្តៅក្រហាយពីសំណាក់ប្រជាពលរដ្ឋជាពិសេសរំខានដល់ក្នុងការទទួលដំណេកពុំបាននៅពេលយប់ជាដើមនោះ។
លោកបានបញ្ជាក់ទៀតថា ក្មេងទំនើងទាំង២នាក់នោះ មិនបានអនុវត្តតាម ផ្លូវច្បាប់នោះទេ គ្រាន់តែជាការព្រមានលើកទី១ តម្រូវឱ្យដោះស៊ីុមាំុងកែច្នៃ ចេញហើយយកស៊ីុមាំុងដើមមកដាក់វិញ ហើយនគរបាលបានឱ្យធ្វើកិច្ចសន្យានិងអប់រំ ថែមទាំងកោះហៅអាណា ព្យាបាលឱ្យមកទទួលដើម្បីយកទៅអប់រំបន្តនៅផ្ទះ។បើថ្ងៃក្រោយនៅតែមិនរាងចាលបន្តសកម្មភាពបែបនោះដដែលសមត្ថកិច្ចឃាត់ខ្លួនម្តងទៀតនិងអនុវត្តតាមផ្លូវច្បាប់តែម្តង។
លោក លោកអនុសេនីយ៍ឯក សៅ សារឿន នាយផ្នែកនគរបាល សណ្តាប់ចរាចរណ៍នៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវឱ្យយុវជនទាំងអស់កុំប្រព្រឹត្តខុសច្បាប់ដូចកែច្នៃប៉ពង់ស៊ីម៉ាំម៉ូតូបែបនេះ ពីព្រោះវាបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ៖ សំ វិច្ឆិកា