ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ ដែលចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួន បានឆ្លងវីរុសកូវីដ -១៩ ក្នុង ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១” ដែលស្ថានភាពនេះ៖ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារ អូរឫស្សី រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារនេះ។
ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះនអាសន្ននេ៖ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ ។ ដោយឡែក ចំពោះផលិតផល ដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តា ទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ ដែលចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឬស្សី មានការយោគយល់អធ្យាស្រ័យ និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះ ៖ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សុខ ខេមរា