ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកស្រីជាភរិយាបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន៥០០យួរ និងនាំយកអំណោយសប្បុរសជនដែលចូលរួមឧបត្ថម្ភទឹកបរិសុទ្ធចំនួន៣០០យួរ ក្នុងនោះលោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ចំនួន១០០យួរ លោកវរសេនីយ៍ឯក ចាន់ សារឹម មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦១៧ចំនួន១០០យួរ ម្ចាស់សហគ្រាសទឹកពិសា វីដេលី ឧបត្ថម្ភចំនួន១០០យួរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើចត្តាឡីស័ក ។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹង ថា ក្នុងដំណាក់កាលនេះខ្មែរត្រូវជួយគ្នា ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលដេីម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងយាយីនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ។
លោកឧត្តមសេនីយ៍ត្រីបានផ្តាំផ្ញេី តាមរយៈសារជូនពរដល់ក្រុមគ្រូពេទ្យជួរមុខ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាទ័ពជួរក្រោយ សូមមានសុខភាពល្អ ជៀសផុតពីជំងឺឆ្លងទាំងឡាយទាំងពួង និងទទួលបានជោគជ័យលេីបេសកកម្មដ៏លំបាកនាពេលនេះ ។
ជាមួយគ្នានេះនាយ នាយរង និងពលនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីជាភរិយា ព្រមទាំងលោកមេបញ្ជាការវរព្រំដែនទាំង២ និងម្ចាស់សហគ្រាសទឹកពិសា វីដេលី ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ៕
ដោយ៖ វណ្ណៈ